ខេត្តកំពង់ឆ្នាំង:នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរង ខេត្តកំពង់ឆ្នាំងនិងជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារថ្នាក់ខេត្តចុះជួយស្រុក ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ទីចាត់ការអន្តរវិស័យ ចុះសួរសុខទុក្ខ និងប្រគល់អំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនជូនដល់រដ្ឋបាលស្រុកសាមគ្គីមានជ័យ និងផ្តល់ជូនប្រជាពលរដ្ឋកំពុងជាប់ធ្វើចត្តាឡីស័ក និងប្រជាពលរដ្ឋជួបការលំបាក ចំនួន ១០គ្រួសារ ក្នុងឃុំសេដ្ឋី ដើម្បីចូលរួមក្នុងយុទ្ធនាការទប់ស្កាត់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ នៅក្នុងសហគមន៍។ ក្នុងឱកាសនៃការចុះសាកសួរសុខទុក្ខ និងប្រគល់ជូនអំណោយនេះផងដែរ ឯកឧត្តម ស្រ៊ន សំឫទ្ធី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងនឹករលឹកពីសំណាក់ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលកំពង់ឆ្នាំង ដែលតែងតែយកចិត្តទុកដាក់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ ជាពិសេសស្ថិតក្នុងបរិបទថ្មីនៃជំងឺកូវីដ-១៩ ដែលធ្វើឲ្យប៉ះពាល់ទាំងសុខភាព និងជីវភាពរសនៅរបស់បងប្អូនប្រជាពលរដ្ឋ ។
ឯកឧត្តមបានសំណូមពរជាពិសេសត្រូវយកចិត្តទុក្ខដាក់លើបញ្ហាសុខភាពដែលយើងទាំងអស់គ្នាត្រូវរស់នៅក្នុងបរិបទថ្មី នៃការឆ្លងរីករាលដាលជំងឺកូវីដ ១៩ ក្នុងសហគមន៍ ដោយអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ និងវិធានការទប់ស្កាត់របស់ក្រសួងសុខាភិបាល។
អំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ដែលផ្តល់ជូននាពេលនោះ ទទួលបានការជួយឧបត្ថម្ភគាំទ្រពីថ្នាក់ដឹកនាំខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត មន្ទីរអង្គភាព ប្រធានការិយាល័យ ដ.ន.ស.ភ ស្រុកសាមគ្គីមានជ័យ និងសប្បុរសជនក្នុងខេត្ត រួមមាន៖ អង្ករ ១តោន មីជាតិ ៧០កេស ម៉ាស ២៥ប្រអប់ អាល់កុល ៣០លីត្រ និងថវិកា ២.៥៥០.០០០រៀល ដើម្បីប្រើប្រាស់និងចែកជូនដល់គ្រួសារដែលកំពុងធ្វើចត្តាឡីស័ក ក្នុងព្រឹត្តិការណ៍សហគមន៌ ២០ កុម្ភ:។
បន្ទាប់ពីប្រគល់ជូនរដ្ឋបាលស្រុករួច ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរង នៃគណ:អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំប្រតិភូខេត្ត រដ្ឋបាលស្រុក ឃុំ និងភូមិ ចុះសួរសុខទុក្ខ និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក និងជួបការលំបាកនៅតាមខ្នងផ្ទះចំនួន ១០គ្រួសារ នៅភូមិបឹងលាជ និងភូមិថ្លុកឬស្សី ឃុំសេដ្ឋី។
អំណោយផ្តល់ជូនក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកសុទ្ធ ២យួរ ម៉ាស ១ប្រអប់ និងថវិកា ៤០.០០០រៀល និងបានឧបត្ថម្ភជូនប្រជាការពារចំនួន ៣នាក់ ក្នុង១នាក់ ៥០.០០០រៀល ៕ដោយសុក្ខារិន