នាំសត្វក្របីរស់ឆ្លងដែនទៅប្រទេសវៀតណាមតាមច្រករបៀងប្រឆាំងបំរាមអាជ្ញាធរកំពុងទប់ស្កាត់ការឆ្លងកូវីដ១៩ ពីប្រទេសជិតខាង

ខេត្តស្វាយរៀង៖មានករណីឈ្មួញលួចនាំសត្វក្របីរស់ជាច្រើនក្បាលឆ្លងដែនទៅប្រទេសវៀតណាមតាមច្រករបៀងក្រឡោងខុស ដែលមហាជនយិយាយថា កន្ទេលធំប្រឡំដេក ខណៈដែលអាជ្ញាធរខេត្តកំពុងមមារញឹកទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ១៩ ក្នុងសហគមន៍ជាពិសេស បញ្ហា មនុស្សចំណាកស្រុកចេញចូលប្រទេសជិតខាងដែលប្រឈមនិងការឆ្លងវីរូសកូវីដ១៩ ចូលមកសហគមន៍។ករណីឈ្មួញនាំសត្វក្របីរស់ឆ្លងដែនទៅប្រទេសវៀតណាមនេះកើតឡើងនៅវេលាម៉ោង០៨និង៤៥នាទីព្រឹកថ្ងៃទី៣០កក្កដា២០២១ នៅចំណុចព្រំដែនច្រករបៀងក្រឡោងខុស ស្ថិតក្នុងភូមិ កែវជះ ឃុំ បន្ទាយក្រាំង ស្រុក កំពង់រោទ៌ ខេត្តស្វាយរៀង ជាប់ច្រកព្រំដែនក្រឡោខុស ស្រុក យិនហ៊ឹងខេត្ត ឡុងអាន ប្រទេសវៀតណាម។បើតាមបុរសម្នាក់ដែលជាអ្នកដឹកក្របីតាមរ៉ឺម៉កបានឲ្យដឹងថា៖ ខ្លួនគ្រាន់តែជាអ្នកស៊ីឈ្នួលដឹក សត្វក្របីឲ្យដង្ខៅ ក្របីឈ្មោះអាន រស់នៅភូមិ ពោធិក្រូច ឃុំ បន្ទាយក្រាំង ស្រុក កំពង់រោទ៌ ខេត្តស្វាយរៀង ឆ្លងដែនទៅប្រទេសវៀតណាម ចំពោះតម្លៃ ក្របី លក់ឲ្យវៀតណាម១ក្បាលប៉ុន្មានខ្លួនមិនដឹងទេ។ប្រភពបន្តទៀតថា ក្នុងមួយថ្ងៃជាមធ្យមឈ្មួញដឹកក្របីទៅប្រទេសវៀតណាមប្រមាណ១០ទៅ២០ក្បាល ហើយមានក្រុមហ៊ុនចំនួនពីរទីបីក្រុមហ៊ុនផ្សេងទៀត ក៏មាននាំសត្វក្របីរស់រាប់សិបក្បាលឆ្លងដែនទៅប្រទេសវៀតណាមតាមច្ររបៀងក្រឡោងខុសនេះដែរ គឺនាំចេញនៅពេលយប់ក្នុងកំឡុងម៉ោង៧ម៉ោង០៨យប់ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាចការឆ្លងជម្ងឺកូវីដ១៩មកសហគមន៍ ដោយបច្ចប្បន្ននៅខេត្តឡុងអានប្រទេសវៀតណាម កំពុងមានផ្ទុះជម្ងឺកូវីដ១៩ គួរឲ្យព្រួយបារម្ភៈ។ហើយប្រជាពលរដ្ឋក៏បានលើកឡើងដែរថា មានអ្នកដឹកសាច់ជ្រូក ពោះគោ ពោះជ្រូក គ្រឿងក្នុងមាន់ទា ត្រីសាច់ចូលពីប្រទេសវៀតណាមតាមម៉ូតូមកតាមច្រករបៀងក្នុងស្រុកកំពង់រោទ៌ជាច្រើនដែររាល់ថ្ងៃ។ទាក់ទិនករណីនេះដែរ មន្ត្រីនគបាលវរៈការពារព្រំដែន ប៉ុស្ត៍ច្រករបៀងក្រឡោងខុស បានប្រាប់អ្នកសារព័ត៌មានថា សត្វក្របីប្រមាណ១០ក្បាលដែលឈ្មោះ អាន ដឹកឆ្លងដែនទៅប្រទេសវៀតណាមនេះគឺ ជាក្របីទិញពីប្រជាពលរដ្ឋក្នុងស្រុកចិញ្ចឹមជាលក្ខណៈគ្រួសារ ហើយលក់ដើម្បីផ្គត់ផ្គង់ជីវភាព។ទាក់ទិនករណីនេះដែរ លោកសុច ពិសី អភិបាលស្រុកកំពង់រោទ៌ បានមានប្រសាសន៍ថា ករណីឈ្មួញលួចនាំសត្វក្របីរស់ចេញទៅប្រទេសវៀតណាម ក្នុងភូមិសាស្រ្តឃុំបន្ទាយក្រាំងនេះលោកមិនបានដឹងទេ ហើយបើមានការនាំសត្វក្របីឆ្លងដែនមែននោះ គឺពាក់ពន្ធ័សមត្ថកិច្ចនគបាលវរៈការពារព្រំដែនដែលឈជើងនៅច្រករបៀងនោះ ដែលរដ្ឋបាលខេត្តបាន ចេញសេចក្តីណែនាំ និងអនុសាសន៍របស់រាជរដ្ឋាភិបាល ឲ្យអាជ្ញាធរ និងសមត្ថកិច្ចទប់ស្កាត់ និងរឹតបន្តឹងការធ្វើចរាចរណ៍មនុស្ស និងការនាំសត្វ ចេញចូលតាមច្រករបៀងពីប្រទេសជិតខាង ( សត្វ គោ ក្របី ជ្រូក សាច់សត្វនិងផលិតផលធ្វើពីសាច់សត្វ)លោកនិងចាត់មន្ត្រីឲ្យចុះទៅពិនិត្យស្រាវជ្រាវករណីនេះ លោកសុច ពិសី បានបញ្ជាក់ ថា អាជ្ញាធរអនុញ្ញាតិ ឲ្យប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែនដោះដូរកសិផល ជាមួយប្រទេសជិតខាង ដោយអនុវត្តវិធាន របស់ក្រសួងសុខាភិបាល។ចំណែកបន្លែត្រីសាច់ ដែលប្រជាពលរដ្ឋដឹកបន្តិចបន្តួចគឺគ្រាន់តែសម្រាប់ផ្គត់ផ្គង់ប្រចាំថ្ងៃ នៅក្នុងខេត្ត ដែលដោះដូរទំនិញគ្នាទៅវិញទៅមកដែលរស់នៅតាមតំបន់ព្រំដែនគឺ មានពិតប្រាកដមែន ។លោក យ៉ន សុផល នាយប៉ុស្ត៍វរៈការពារព្រំដែនសំយ៉ោង បានមានប្រសាសន៍ លោកមិនបានជ្រាប ករណី ឈ្មួញឈ្មោះអាន នាំក្របីឆ្លងដែនទៅប្រទេសវៀតណាមនេះទេដោយមន្ត្រីប្រចាំការនៅច្រករបៀងក្រឡោងខុស មិនទាន់រាយការជូនលោក ហើយលោកជាប់រវល់ប្រជុំ ចាំល្ងាចលោកនិងសួរទៅមន្ត្រីលោក ឲ្យទំនាក់ទំនងជាមួយក្រុមហ៊ុនដែលនាំក្របី ឆ្លងដែនទាំងនោះមានអាជ្ញាបណ្ណ័ ឬច្បាប់នាំចេញដែរឬទេ បើមានលោកនិងដកលិខិតឯកសារពិនិត្យនិងផ្តល់ព័ត៌មាននៅពេលក្រោយ។មហាជនសង្ឃឹមថា អាជ្ញាធរមានវិធាការ រឹតបន្តឹងបង្ការទប់ស្កាត់បទល្មើសនិងអ្នកពាក់ពន្ធ័ ដើម្បីសុវត្ថភាព សុខមាលភាពប្រជាពលរដ្ឋ ជាពិសេសបង្ការទប់ស្កាត់ វីរូសកូវីដ១៩ ពីក្រៅប្រទេស ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *