(ខេត្តប៉ៃលិន) ៖ កាលពីរសៀលថ្ងៃសុក្រ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បណ្ឌិត បាន ស្រីមុំ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ថ្នាក់ដឹកនាំ មន្រ្តីរាជការ ចំនួនពីរមន្ទីរផ្សេងគ្នា គឺមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តប៉ៃលិន ។លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានផ្ញើសារទៅប្រធានមន្ទីរអង្គភាពថា សូមកុំឡូយឆាយនឹងសម្ភារៈនិយមទំនើបៗ ឯកូនចៅ និងកន្លែងធ្វើការមើលមិនយល់ គ្មានសណ្តាប់ធ្នាប់ របៀបរៀបរយ ត្រូវចេះស្រឡាញ់កន្លែងធ្វើការ អោយដូចជាស្រឡាញ់ផ្ទះរបស់ខ្លួនឯងដែរ ចំពោះក្នុងកិច្ចប្រជុំសំណេះសំណាលនេះដែរលោកជំទាវអភិបាលខេត្ត ជួបជាមួយនឹងមន្ទីរពាក់ព័ន្ធនីមួយៗដើម្បីសម្រួល បែបបទរដ្ឋបាលផ្សេងៗ ដើម្បីឲ្យការងារ បានដំណើរការទៅយ៉ាងរលូនក្នុងការបំរើសេវាការងារឱ្យមានភាពទទួលខុសត្រូវ និងមានតម្លាភាព ។
ជាមួយគ្នានោះដែរ លោកជំទាវអភិបាលខេត្ត ក៍បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជាការនៅតាមមន្ទីរនីមួយៗ ត្រូវតែមានសាមគ្គី ភាពផ្ទៃក្នុងកិច្ចសហការគ្នានៅក្នុងមន្ទីរសាម៉ី និងនៅតាមអង្គភាពដទៃទៀត ក្នុងការបំពេញការងារតាមតួនាទីរៀងៗខ្លួន ដោយទទួលខុសត្រូវខ្ពស់ ជាពិសេសត្រូវខិតខំបម្រើសេវាសាធារណៈ ជូនប្រជាពលដ្ឋអោយបានលឿន និងមានប្រសិទ្ធភាព មិនត្រូវប្រកាន់បក្សពួក សាច់ញាតិ ឬបងប្អូននោះឡើយ លើសពីនេះ ត្រូវចូលរួមសម្អាតបរិស្ថាន អនាម័យនៅតាមកន្លែងធ្វើការរបស់ខ្លួន អោយស្រស់ស្អាត គ្មានសម្រាម ដើម្បីរក្សាអនាម័យ និងសោភ័ណភាព ក្នុងការទាក់ទាញនូវការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិ អន្តរជាតិ និងចូលរួមផ្សព្វផ្សាយ បង្ការ ទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ ចូលក្នុងសហគមន៍ផងដែរ ៕ ដោយ ៖ នីយ៉ា