អ្វីដែលជាសំណូមពរ ជាបញ្ហាប្រឈមទុក្ខកង្វល់ និងតម្រូវការពិតប្រាកដ ជាក់ស្ដែង របស់ប្រជាពលរដ្ឋ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុនសែន តែងបានផ្តល់អនុសាសន៍ណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសរដ្ឋបាលខេត្ត ដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាល ត្រូវតែខិតខំយកចិត្តទុកដាក់ដោះស្រាយជូនប្រជាពលរដ្ឋ។
មានប្រសាសន៍ក្នុងដំណើរចុះជួបជាមួយតំណាងប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធបញ្ហាដីធ្លី ជាមួយក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច នៅក្នុងឃុំមួយចំនួន ក្នុងស្រុកឈូក ខេត្តកំពត នាសាលាឃុំត្រពាំងភ្លាំង កាលពីព្រឹកថ្ងៃទី១៣ ខែមករាឆ្នាំ២០២១ ។ ឯកឧត្តមជាវ តាយ អភិបាលខេត្តកំពត បានលើកឡើងថា រាល់ដំណោះស្រាយ ដែលប្រជាពលរដ្ឋ ជួបបញ្ហាប្រឈម សំណូមពរ ទុក្ខលំបាកនិងតម្រូវការពិតប្រាកដគឺអាជ្ញាធរខេត្ត ក្នុងនាមជាសេនាធិការឲ្យរាជរដ្ឋាភិបាល ត្រូវតែមានកិច្ចអន្តរាគមន៍ ជួយសម្របសម្រួលដោះស្រាយទៅតាមអ្វីជាក់ស្ដែងដោយអនុវត្ត តាមគោលការណ៍ឈ្នះឈ្នះរបស់សម្ដេចតេជោហ៊ុន សែន។ ជាក់ស្ដែងពាក់ព័ន្ធដីធ្លីដែលបងប្អូនប្រជាពលរដ្ឋ មានបញ្ហាប្រឈម ជាមួយដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនដែលតែងតែមានការតវ៉ាកន្លងមក ក្នុងនាមរដ្ឋបាលខេត្ត ដែលជាអាជ្ញាធរគ្រប់គ្រងផ្ទាល់ តែងតែធ្វើការដោះស្រាយជូនបងប្អូន ប៉ុន្តែក៏ត្រូវការ ធ្វើអង្កេតវាយតម្លៃស្ថិតិឲ្យបានពិតប្រាកដ ផ្អែកតាមលក្ខណៈច្បាប់ ដើម្បីធ្វើសំណើដាក់ជូនរាជរដ្ឋាភិបាលសម្រេចផ្ដល់ជូន។ ហើយដើម្បីឱ្យការដោះស្រាយនេះមានភាពច្បាស់លាស់ និងមានប្រសិទ្ធភាព ក្រុមការងាររដ្ឋបាលខេត្ត ចុះមកដល់ទីតាំងនិងជួបប្រជាពលរដ្ឋ ផ្ទាល់នាពេលនេះគឺទី១ក្នុងគោលបំណង ដើម្បីពិនិត្យអំពីស្ថានភាពភូមិសាស្រ្ត ជាក់ស្ដែង និងទី២ ចង់បាននូវសំណូមពរផ្ទាល់របស់ប្រជាពលរដ្ឋ ដែលមានបញ្ហាប្រឈម កន្លងមក តើនៅមានចំណុចណាខ្លះដែលត្រូវយកទៅដាក់ក្នុងកិច្ចប្រជុំដោះស្រាយបន្ត។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ជឿទុកចិត្តលើការខិតខំ របស់រដ្ឋបាលខេត្តក្នុងការដោះស្រាយ ជូនបងប្អូន។ ទោះបីយ៉ាងណាក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានស្នើឱ្យក្រុមហ៊ុនសូ ងួន ចូលរួមជាមួយក្រុមការងាររដ្ឋបាលខេត្តបន្តធ្វើអង្កេត ស្ថិតិនូវបញ្ហាប្រឈម សំណូមពរតម្រូវការ របស់ប្រជាពលរដ្ឋឲ្យបានជាក់លាក់ពិតប្រាកដ ដើម្បីបានជាមូលដ្ឋានដាក់ក្នុងកិច្ចប្រជុំដោះស្រាយបន្តទៀត។ សូមបញ្ជាក់ថា ជាលទ្ធផលតាមការធ្វើអង្កេតអត្តសញ្ញាណ ដោយរដ្ឋបាលស្រុកឈូក ទៅលើប្រជាពលរដ្ឋចូលកាន់កាប់នៅលើដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន លោកឧកញ៉ាសូ ងួនមានចំនួន៩០ គ្រួសារ ក្នុងនោះ ក្រុមហ៊ុនបានទទួលស្គាល់និងត្រៀមបម្រុងដីចំនួន៨០ហិចតាកាត់ឈ្វៀល ជូនគ្រួសារប្រជាពលរដ្ឋនៅសល់ពីការវាស់វែងជំនាន់បទបញ្ជា០១របស់យុវជនស្ម័គ្រចិត្តសម្ដេចតេជោ ឆ្នាំ២០១២ ស្មើនឹងចំនួន៤០គ្រួសារ ចំណែកនៅសល់ជាង៥០គ្រួសារទៀត អភិបាលខេត្ត បានឲ្យក្រុមហ៊ុនរក្សាពួកគាត់ នៅលើដីនោះដដែលសិន។ ចំណែកបញ្ហាប្រឈមដីធ្លីនៅតំបន់ដទៃទៀត អភិបាលខេត្តសម្រេចឲ្យក្រុមការងារបន្តចុះអង្កេត វាយតម្លៃជាក់ស្ដែងឲ្យបានជាក់លាក់ផងដែរ ដើម្បីរដ្ឋបាលខេត្តបានជាមូលដ្ឋានដាក់ក្នុងកិច្ចប្រជុំដោះស្រាយបន្តជូនប្រជាពលរដ្ឋផងដែរ។សហការី