កម្មកររោងចក្រកាត់ដេរ តៃអ៊ីហ្ស៊ី ក្នុងស្រុកក្រគរ ធ្វើកូដកម្មបិទផ្លូវជាតិលេខ៥ ទាមទារលក្ខខណ្ឌការងារចំនួន២ចំណុច

(ពោធិ៍សាត់) កម្មករកម្មការិនីរោងចក្រកាត់ដេរ តៃអ៊ីហ្ស៊ី ស្រុកក្រគរ ផ្ទុះការតវ៉ាទាមទារលក្ខខណ្ឌការងារ និងអត្ថប្រយោជន៍របស់ពួកគេចំនួន២ចំណុច.ក្រោយពីមានការសម្រួលពីអភិបាលខេត្តពោធិ៍សាត់ ពួកគាត់បានទទួលយកការដោះស្រាយ និងបានរំសាយក្រុមកូដកម្មវិលទៅលំនៅដ្ឋានគ្រប់ៗគ្នាវិញអស់ ។

ហេតុការណ៍ផ្ទុះការតវានេះ បានកើតឡើងនៅវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ម្សិលមិញ នៅចំណុចរោងចក្រកាត់ដេរ តៃអ៊ីហ្ស៊ី ស្ថិតក្នុងភូមិទន្សាយគល់ ឃុំ អន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

បើយោងតាមការអោយដឹងពីលោកឧត្តមសេនីយ៍ត្រី ប៉ែន ទុង ស្នងការរង ទទួលផែនការងារសន្តិសុខ បានឱ្យដឹងថា នាវេលាម៉ោងកើតហេតុខាងលើនេះ មានករណីកម្មករកម្មការិនីរោងចក្រកាត់ដេរ ប្រមាណជាង៥ពាន់នាក់ បានផ្ទុះការធ្វើកូដកម្ម ទាមទារលក្ខខណ្ឌការងារ និងអត្ថប្រយោជន៍របស់ពួកគាត់ចំនួន២ចំណុចរួមមាន៖

១-ប្រាក់អតីតភាពការងារ,

២-ប្រាក់ជួសការឈប់សម្រាកប្រចាំឆ្នាំ។

លោកឧត្តមសេនីយ៍ត្រីបន្តថា បន្ទាប់ពីមានការផ្ទុះឡើងភ្លាម ក្រុមកម្មករកម្មការិនី បានប្រមូលផ្តុំគ្នានៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងមុខរោងចក្រ បណ្តាលធ្វើឱ្យមានការកកស្ទះចរាចរណ៍ ចាប់ពីម៉ោង១៖៣០នាទីរសៀល រហូតដល់ម៉ោង២ និង៣០នាទីរសៀលថ្ងៃដដែល ។

លោកឧត្តមសេនីយ៍ត្រីស្នងការរងទទួលផែនការងារសន្តិសុខ បានអោយដឹងបន្ថែមទៀតថា ដោយបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ចុះជួបផ្ទាល់កម្មកកម្មការនីរោងចក្រ ដើម្បីធ្វើការសម្របសម្រួល និងដោះស្រាយ ទៅលើលក្ខខណ្ឌ និងអត្ថប្រយោជន៍ ដែលក្រុមកម្មករទាមទារទាំង២ចំណុចនោះ។

ក្រោយបញ្ចប់ការដោះស្រាយ អភិបាលខេត្ត បានសម្របសម្រួលជាមួយម្ចាស់រោងចក្រ សូមឱ្យធ្វើការដោះស្រាយជាបន្ទាន់ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ខាងមុខ ទៅលើលក្ខណ៍ទី១ គឺ «ប្រាក់អតីតភាពការងារ» ដោយត្រូវបើកជូនកម្មករកម្មការិនីឱ្យគ្រប់ចំនួន តាមការកំណត់ ។

ដោយឡែកលក្ខខណ្ឌទី២ «ប្រាក់ជួសការឈប់សម្រាកប្រចាំឆ្នាំ» លោកសូមធ្វើការពន្យាពេល និងពិនិត្យលទ្ធភាព ជាមួយក្រុមការងារ មន្ទីរជំនាញដែលមានការពាក់ព័ន្ធសិន ។

ក្រុមកម្មករកម្មការិនី បានសម្រេចទទួលយកតាមការសម្របសម្រួលដោះស្រាយខាងលើ ព្រមទាំងបានរំសាយទៅលំនៅដ្ឋានរៀងៗខ្លួនវិញ នៅវេលាម៉ោង៣ និង០០នាទីរសៀល ហើយនិងបើកអោយដំណើរការធ្វើចរាចរណ៍ជាធម្មតាឡើងវិញផងដែរ ៕ ដោយសុក្ខារិន

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *