នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ លោក នាន់ បូរ៉ា អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រះវិហារ បានអញ្ជើញជាអធីបតីក្នុងពិធីប្រគល់ពានរង្វាន់ដល់ ក្រុមកីឡាករទទួលបានជ័យលាភី នៃការប្រកួតកីឡាបាល់ទាត់ជ្រើសរើសជើងឯកទូទាំងខេត្ត ប្រចាំឆ្នាំ២០២១ ដែលការប្រកួតនាពេលនេះមានចំនួន៤ពូល ស្មើនិង១២ក្រុម ដើម្បីអបអរសាទរខួបលើកទី៤២ នៃថ្ងៃជ័យជំនះ ៧មករា១៩៧៩-០៧មករា២០២១ នៅមណ្ឌលកីឡាខេត្តព្រះវិហារ។
លោក នាន់ បូរ៉ា បានមានប្រសាសន៍ថា វិស័យកីឡាត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីរាជរដ្ឋាភិបាល ក្នុងការជម្រុញវិស័យមួយនេះឆ្ពោះទៅរកកិត្យានុភាពជាតិ សាមគ្គីភាព និងមោទនភាពជាតិ ព្រមទាំងជួយពង្រឹងសុខភាពនិងមិត្តភាព និងជួយដល់យុវជនគ្រប់មជ្ឈដ្ឋាន ចៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗ។ ហើយអ្វីដែលគោលបំណងធំនៃការរៀបចំនាពេលនេះគឺដើម្បីចូលរួមអបអរសាទរខួបលើកទី៤២ទិវាជ័យជំនៈ៧មករា ព្រោះថាយើងទាំងអស់គ្នាមានឱកាសជួបជុំគ្នាលេងកីឡាបាល់ទាត់ ពង្រឹងសុខភាព បង្កើតមិត្តភាព រឹតចំណងសាមគ្គីភាពដោយគ្មានការបារម្ភភ័យព្រួយដូចសព្វថ្ងៃនេះគីបានមកពីបុព្វហេតុចំបងនៃថ្ងៃ៧មករា មានន័យថាមានថ្ងៃ៧មករា ទើបមានសន្តិភាពពេញបរិបូរណ៍ដូចសព្វថ្ងៃនេះ។
ឆ្លងតាមការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល៧ថ្ងៃដោយគិតចាប់ពីថ្ងៃទី៥ ខែមករា ដល់ថ្ងៃ១១ខែមករា ឆ្នាំ២០២១ និងដោយឈរលើស្មារតីចេះអធ្យាស្រ័យគ្នា មានសាមគ្គីភាព មិត្តភាព ហើយប្រកាន់បានយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ច្បាប់ បញ្ញតិ បទបញ្ជាបច្ចេកទេសផងនោះ បានធ្វើឱ្យការប្រកួតបញ្ចប់ទៅដោយភាពជោគជ័យគួជាទីមោទនៈ។
ជាលទ្ធផលនៃការប្រកួតបាល់ទាត់នាពេលនេះចំណាត់ថ្នាក់លេខ១បានទៅលើក្រុមខ្លាព្រៃ CSO ទទួលបានថវិការ ២លានរៀល លេខ២បានទៅលើក្រុមព្រះវិហារ City ទទួលបានថវិការ ១លាន៦០ម៉ឺន និងលេខ៣ បានទៅលើក្រុមព្រះវិហារ United ទទួលបានថវិការ ១លាន២០ម៉ឺនផងដែរ៕