ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀង បានសហការជាមួយមន្ទីរ ពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញ នៅតាម សិប្បកម្ម ផលិតស្រាស ស្រាថ្នាំ និង ឃ្លាំងស្តុកទំនិញ ស្ថិតនៅទីរួមខេត្តស្វាយរៀង ។
បើលោកផឹង និល ប្រធានសាខា (ក ប ប) ខេត្តស្វាយរៀង បានថ្លែងថា ដោយមានការណែនាំ ពីលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងទទួលបទបញ្ជាផ្ទាល់ លោកប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ( ក ប ប) បានចុះត្រួតពិនិត្យ ទីតាំងផលិតស្រាស ស្រាថ្នាំ ចំនួន ៧ ទីតាំង និងត្រួតពិនិត្យទំនិញចំរុះចំនួន ៣ ឃ្លាំង និងបានធ្វើTest Kits បឋមលើផ្លែឈើ នៅទីរួមខេត្តស្វាយរៀង ។
លោកបានបញ្ជាក់ថាសកម្មភាពការងារ ត្រួតពិនិត្យ មន្ត្រីជំនាញយើង បានយកសំណាកគំរូស្រាស ទាំង ៧ ទីតាំងយកមកវិភាគ រកសារធាតុមេតាណុល នៅមន្ទីពិសោធន៍ របស់អគ្គនាយកដ្ឋាន( ក ប ប) ដើម្បីធ្វើវិភាគតាមបច្ចេកទេស ។
ក្នុងនោះដែរមន្ត្រីជំនាញ បានផ្សព្វផ្សាយ នូវការយល់ដឹង អំពីបច្ចេកទេស នៃការផលិតស្រាស ដែលមានសុវត្ថិភាព និងផលប៉ះពាល់ដល់សុខភាព និង អាយុជីវិតដល់អ្នកផលិតផងដែរ ។លោកផឹង និល បានថ្លែងអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុង ប្រយ័ត្ន ក្នុងការផឹកស្រាស ស្រាថ្នាំនឹងត្រូវឈ្វេងយល់ អំពីប្រភព នៃការផលិត ឲ្យបានច្បាស់លាស់ និងសូមស្នើដល់អ្នកផលិតស្រាសទាំងអស់ ត្រូវផលិតស្រា ដែលមានសុវត្ថិភាព ដល់អ្នកហូប មិនត្រូវឆ្លៀតកេង ចំណេញដាក់សារធាតុហាមឃាត់ ជាដាច់ខាតនាំឲ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ និងអាចប្រឈម នឹងផ្លូវច្បាប់មានទោស ទណ្ឌផងដែរ ៕

