កំពង់ចាមៈ រសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ លោក កុយ សាវុធ ប្រធានក្រុមប្រឹក្សាស្រុក ចំការលើ និងលោក សំ ពិសិដ្ឋ អភិបាល នៃគណៈអភិបាលស្រុកចំការលើ បានអញ្ជើញទទួល ស្វាគមន៍ការនិមន្តរបស់ព្រះអនុគណ និងសហការីសង្ឃ និមន្តជយន្តោ សុំសិរីសួស្តី សេចក្តីសុខ សេចក្តីចម្រើន ដល់គណៈអភិបាល មន្ត្រីរាជការទាំងអស់ក្នុងរដ្ឋបាល ស្រុកទាំងមូល។ បន្ទាប់មកលោក អភិបាល និងក្រុមការងារ បានបន្តដឹកនាំកងកម្លាំង ប្រដាប់អាវុធទាំងបី ប្រធានការិយាល័យសុខាភិបាល មេឃុំ មេភូមិ និងមន្ត្រីពាក់ព័ន្ធ ចុះជួប និងសួរសុខទុក្ខ ព្រមទាំងនាំយកនូវអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកចំការលើ និងលោកជំទាវ ទៅជូនបងប្អូនដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ជាមួយអ្នកកើតជំងឺកូវីដ-១៩ កំពុងធ្វើចត្តាឡីស័ក នៅតាមគេហដ្ឋាន ស្ថិតនៅភូមិបាំង១ ឃុំបុសខ្នុរ ចំនួន០១គ្រួសារ និងភូមិតាអុង ឃុំតាអុង ចំនួន២គ្រួសារ និងជូនក្រុមគ្រូពេទ្យដែលកំពុងជាប់ធ្វើ ចត្តាឡីស័កនៅមន្ទីរពេទ្យបង្អែកស្រុកចំការលើ ចំនួន៣នាក់។សរុបទាំងអស់ចំនួន០៦គ្រួសារ ដោយ០១គ្រួសារ ទទួលបានអង្ករ១០គីឡូ ទឹកត្រី០១យួរ ទឹកស៊ីអុីវ០១យួរ ម៉ាស់ចំនួន១០បន្ទះ។
ឆ្លៀតនៅក្នុងឱកាសនោះផងដែរ លោក អភិបាលស្រុក ក៏បានមានមតិផ្តាំផ្ញើដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័កតាមគេហដ្ឋាន សូមចូលរួមអនុវត្តន៍នូវវិធានការសុខាភិបាល ៣កុំ ៣ការពារ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ និងកាត់ផ្តាច់ខ្សែចម្លងជម្ងឺដ៏មហាប្រល័យនេះ ក្នុងភូមិសាស្ត្រស្រុកចំការលើ ក៏ដូចជាខេត្តកំពង់ចាមទាំងមូលផងដែរ៕
