ព្រះវិហារៈ នៅព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធាន គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ និងជាអភិ បាលខេត្តព្រះវិហារ រួមជាមួយ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឈឿន មុន្នី ឯកឧត្តម លោកជំទាវ ថ្នាក់កិត្តិយសសាខា ឯកឧត្តម មេបញ្ជាការកង កម្លាំងទាំង៣ ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន និងសមាជិក សមាជិកា គណៈកម្មាធិការ សាខានិងក្រុមប្រតិបត្តិសាខា បាននាំយកទេយ្យវត្ថុ គ្រឿង ឧបភោគ បរិភោគ និងបច្ច័យ ទៅប្រគេនដល់ព្រះ សង្ឃដែលគង់នៅក្នុងវត្តព្រះ ពុទ្ធមានជ័យ ហៅវត្តប៉ាលហាល ឋិតនៅសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ។
ដើម្បីអបអរសាទរឱកាសដ៏បវរមហារប្រសើ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ខួប៨៥ ព្រះវស្សា យាងចូល៨៦ព្រះវស្សា សម្ដេចព្រះមហារក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទ ក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ដែលនឹងប្រារព្ធនៅថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២១ ដែលនិងឈានមកនាពេលខាងមុខនេះ។ នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ថ្នាក់ដឹកនាំព្រមទាំងសមាជិកសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានសូមបួងសួងដល់គុណបុណ្យព្រះរតនៈត្រ័យបារមីថែរក្សាព្រះមហាស្វេតឆ័ត្រ វត្ថុសក្តិសិទ្ធក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ពិសេសទេវតាឆ្នាំថ្មីព្រះនាម មណ្ឌាទេវី សូមជួយបីបាច់ថែរក្សា សម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ សូមព្រះអង្គមានព្រះបរមសុខគ្រប់ប្រការ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្រ្ត ជាកូនចៅ ចៅទួតរបស់ព្រះអង្គ សូមព្រះអង្គ ប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ ។
គ្រឿងឧបភោគបរិភោគ និងបច្ច័យដែលបានប្រគេនជូននាពេលនោះរួមមាន៖នំបញ្ចុក ការីនំប៉័ង ព្រមទាំង អង្ករ ២០០គីឡូក្រាម មី ៨កេស ត្រីខ១ កេស ទឹកស៊ីអ៊ីវ១កេស ទឹកក្រូច៦ កេស ទឹកសុទ្ធ ៧ កេស និងបច្ច័យចំនួន ៣,៤៧៥,០០០រៀល។ ដោយឡែកសម្រាប់ព្រះសង្ឃចំនួន២០ អង្គ ក្នុង១ អង្គបន្ថែមជូនបច្ច័យ ៥០,០០០រៀល និងលោកយាយ លោកតាអាចារ្យ ៧ នាក់ ក្នុងម្នាក់ៗថវិកា១០,០០០ រៀល ឃីត១ ផងដែរ៕SPS

