ខេត្តពោធិ៍សាត់:កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើមួយបានធ្វើឡើងកាលពីថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញនៅចំណុចផ្ទះជួលមួយកន្លែងស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
កិច្ចប្រតិបត្តការនេះធ្វើឡើងដោយកម្លាំងប៉ុស្តិ៍ច្រកផ្លូវ៥៦ ដឹកនាំដោយអនុសេនីយឯក ព្រំ នីហ្គា នាយរងប៉ុស្តិ៍ សហការជាមួយ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែន៨២៥, កម្លាំងប៉ុស្តិ៍រដ្ឋបាលថ្មដា និងកម្លាំងមន្ត្រីបរិស្ថានគ្រប់គ្រងដែនអភិរក្សភ្នំសំកុស បានចុះបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់ឈើប្រណិត ប្រភេទក្រញូង និងបានឃាត់ខ្លួនជនសង្ស័យ៣នាក់ រួមទាំងវត្ថុតាងមួយចំនួនធំផងដែរ ។
ប្រតិបត្តិការចុះបង្ក្រាបករណីខាងលើនេះ កម្លាំងចម្រុះបានរកឃើញឈើក្រញូងចំនួន១០៨ដុំ ទម្ងន់៥០៥គីឡូក្រាម និងឃាត់ខ្លួនមនុស្សចំនួន០៣នាក់ ក្នុងនោះស្រី០១នាក់ រួមមាន៖ ទី១៖ឈ្មោះ សាន់ វន្នី អាយុ៥២ឆ្នាំ (ម្ចាស់ឈើ), ទី២៖ឈ្មោះ ភួយ ពេជ អាយុ២៨ឆ្នាំ (ម្ចាស់ផ្ទះ), ទី៣៖ឈ្មោះ ជីប ណារី ភេទស្រី អាយុ២២ឆ្នាំ។
ជនសង្ស័យទាំង០៣នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍បញ្ជូនទៅអធិការនគរបាលស្រុកវាលវែង ចាត់ការបន្តតាមនីតិវិធី។ដោយឡែកវត្ថុតាង ត្រូវបានប្រគល់ជូនកម្លាំងបរិស្ថាន ដើម្បីចាត់ចែងបន្ត។
បើតាមការបញ្ជាក់ឲ្យដឹងពីសមត្ថកិច្ច ថាក្នុងចំណោមជនសង្ស័យទាំង៣នាក់ខាងលើ គឺមានជនសង្ស័យម្នាក់ ជាប់ទាក់ទង នឹងជនល្មើស ដែលលួចឆ្លងដែនចូលប្រទេសថៃ ដើម្បីកាប់ឈើក្រញូង ហើយត្រូវទាហានឈុតខ្មៅថៃបាញ់បណ្តាលឲ្យបាក់ជើង រួចប្រគល់ឱ្យសមត្ថកិច្ចកម្ពុជា ចាត់ការបន្ត កាលពីខែឧសភាកន្លងទៅផងដែរ៕ដោយ សុក្ខារិន

