អភិបាលខេត្តកំពង់ចាម ចុះពិនិត្យលក្ខណៈបច្ចេកទេស នៃការសាងសង់ច្រាំងទន្លេ នៅតំបន់កោះតូច ស្រុកស្រីសន្ធរ និង ស្រុកកងមាស

កំពង់ចាម :  ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  អមដំណើរដោយ មន្ត្រី ពាក់ព័ន្ធ  និង អាជ្ញាធរ មូលដ្ឋាន  នាព្រឹក ថ្ងៃទី ១៥  ខែមិថុនា  ឆ្នាំ ២០២១ នេះ  បាន អញ្ជើញ ចុះ ពិនិត្យ លក្ខណៈ បច្ចេកទេស នៃការសាងសង់ច្រាំងទន្លេ នៅតំបន់កោះតូច  ប្រវែង២.០០០ ម៉ែត្រ ស្ថិត ក្នុង ឃុំឬស្សីស្រុក និងឃុំកោះអណ្តែត នៃស្រុកស្រីសន្ធរ និងឃុំសូរគង ស្រុកកងមាស  ដេីម្បី ត្រៀមលក្ខណ:ការពារច្រាំងទន្លេ កុំ ឲ្យ បាក់  ខណ:រដូវវ ទឹក ឡើង ជិតចូលមកដល់នោះ  ។

ក្នុង ដំណើរ អញ្ជើញ ចុះ ពិនិត្យ ការ សាងសង់ ច្រាំងទន្លេ នេះ  ឯកឧត្ដម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  បានស្នើឲ្យក្រុមហ៊ុនទទួលការ  ត្រូវ ពន្លឿនការងារ សាងសង់  ព្រោះរដូវ ទឹក ឡើង ជិតឈាន ចូលមកដល់នាពេលខាងមុខនេះហេីយ ។  ជាមួយគ្នានោះក្រុមហ៊ុនត្រូវគោរពតាមបទដ្ឋានបច្ចេកទេស ក្នុងការបូមដីកោះដុះថ្មី និងដីខ្សាច់ តម្រង់ចរន្តទឹកហូរ នៅតំបន់កោះតូច ចន្លោះរវាងស្រុកស្រីសន្ធរ និងស្រុកកងមាស ដើម្បីបញ្ជៀសការបាក់ស្រុតច្រាំងទន្លេ។

បើតាមការបញ្ជាក់ពីអ្នកបច្ចេកទេស របស់ក្រុមហ៊ុន រីវើសាយឌីវេឡុបម៉ិន ឯ.ក បាន ឲ្យដឹងថា  ចំពោះគម្រោង ការ សាងសង់ ច្រាំងទន្លេ នេះ  ក្រុម ការងារ បច្ចេកទេស បានរៀបចំបាវខ្សាច់(Geo-textile) ដើម្បីទប់ច្រាំងទន្លេ ប្រវែង២០០០ ម៉ែត្រ ដោយបានបូមខ្សាច់ធ្វើបាតចាប់ពីដើមខែមេសា  ក្នុងជំហានទី១ ឲ្យបានកំពស់ ០៤ម៉ែត្រ និងចាប់រៀបចំបាវខ្សាច់ ហើយបន្តក្នុងជំហានទី២ ឲ្យបាន៨,៥ ម៉ែត្រ ស្មើនឹង៥០% នៃកំពស់ច្រាំងទន្លេ រួចត្រូវបន្តធ្វើជំហានទី៣ ទៀត រហូតដល់កំពស់ ១២ ម៉ែត្រ បញ្ចប់គម្រោង ដែលស្មើនឹង៧៥% នៃកំពស់ច្រាំងទន្លេ។ ក្នុងនោះ ក្រុមហ៊ុន បានប្រើប្រាស់ទន្និន័យមូលដ្ឋានអំពីកំពស់ទឹកទន្លេ ពីមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងទិន្នន័យ ផែនទីបាតទន្លេ ពីវេបសាយ របស់គណៈកម្មាធិការទន្លេមេគង្គ ផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *