សមត្ថកិច្ចក្រុងតាខ្មៅចាប់ចោរឆក់កាបូបបានម្នាក់និងរត់រួចម្នាក់

កណ្តាល៖ជនសង្ស័យម្នាក់ចំណោម២នាក់ត្រូវបានប៉ូលិសក្រុងតាខ្មៅឃាត់ខ្លួនក្នុងករណីឆក់កាបូបលុយ ពីស្ត្រីម្នាក់ជិះម៉ូតូជាមួយប្តីតាមផ្លូវបានសម្រេច នាថ្ងៃ១៤ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១១និង០៥នាទី នៅចំណុចតាមផ្លូវជាតិលេខ២ មុខវត្តព្រែកឫស្សី ភូមិ-សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះសុខ ចាន់ថា ភេទស្រី អាយុ៤២ឆ្នាំ មានទីលំនៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មការិនីរោងចក្រ។ ចំណែកជនសង្ស័យ០២នាក់រួមមាន ១-ឈ្មោះ សួង ម៉ាលី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាគង់  សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)និង២-ឈ្មោះពៅ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ  មានទីលំនៅភូមិព្រែកតាគង់  សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មុខរបរមិនពិតប្រាកដ(គេចខ្លួន) ។

វត្ថុតាងចាប់យក ១-ទូរសព្ទមួយគ្រឿងម៉ាកOppo ពណ៌ខ្មៅជារបស់ជនរងគ្រោះ,២-កាបូបយួរដៃពណ៌ត្នោត ចំនួនមួយជារបស់ជនរងគ្រោះ,៣-លុយខ្មែរចំនួន១៧ម៉ឺនរៀល ជារបស់ជនរងគ្រោះ,៤-ម៉ូតូមួយគ្រឿងម៉ាកSuzuki Nex ពណ៌សលាយលឿង ស៊េរី២០១៤ ស្លាកលេខ ភ្នំពេញ១IE-0463 ជារបស់ជនសង្ស័យ,៥-ទូរសព្ទមួយគ្រឿងម៉ាកNចុចពិល  ពណ៌ក្រហម ជារបស់ជនសង្ស័យនិង៦-លុយខ្មែរចំនួន៣០០០រៀលជារបស់ជនសង្ស័យ ។

សមត្ថកិច្ចបន្តថាខណៈពេលជនរងគ្រោះកំពុងជិះម៉ូតូជាមួយប្តីត្រឡប់មកពីចាក់វ៉ាក់សាំងនៅក្រុងភ្នំពេញវិញដោយជនរងគ្រោះជិះពីខាងក្រោយស្ពាយកាបូបមួយ ,ឯប្តីគាត់ជាអ្នកបើកម៉ូតូ ។

ពេលនោះជនសង្ស័យ២នាក់ខាងលើ បានបើកម៉ូតូមកទន្ទឹង ហើយគ្នាវាម្នាក់ឈ្មោះពៅ អង្គុយខាងក្រោយបានឆក់កាបូបជនរងគ្រោះបណ្តាលឱ្យដួលម៉ូតូមានរបួសស្នាម ហើយពួកវាក៏បានបើកម៉ូតូរត់មកដល់ស្តុបព្រែកហូរក៏ត្រូវកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលព្រែកឫស្សី ដេញតាមទាន់និងធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់និងវត្ថុតាងយកមកសាកសួរនៅប៉ុស្តិ៍ ដើម្បីចាត់ការតាមនីតិវិធី។

តាមការសាកសួរជនសង្ស័យបានឆ្លើយថា«ទើបតែប្រព្រឹតបានលើកទី១នេះទេ»។បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងបានឃាត់ខ្លួននៅអធិការដ្ឋានក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធី៕ដោយ ភាវុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *