កំពង់ធំ៖សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីរជ័យសំបូរសប្បាយចិត្តដោយបាននាំចេញគ្រាប់ស្វាយចន្ទីរទៅកាន់ទីផ្សារជប៉ុប្រកបដោយគុណភាព ។ លោកស្រី អ៊ិន ឡៃហួត អ្នកគ្រប់គ្រងរោងចក្រសិប្បកម្ម កែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរបានលើកឡើងកាលពីថ្ងៃទី១៣ ខែ មិថុនា ឆ្នាំ ២០២១ ថាសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីរជ័យសំបូរជារោងចក្រកែច្នៃក្នុងស្រុកមួយដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងអារក្យ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ លោកស្រីបន្តថាគាត់ធ្លាប់ជាកសិករដាំស្វាយចន្ទីនិងមានបទពិសោធន៍ ១០ ឆ្នាំ និងជាប្រធានផ្នែកកែច្នៃនៅសមាគមទេសចរណ៍កែច្នៃគ្រាប់ស្វាយចន្ទីសំបូរព្រៃគុក ចាប់តាំងពីឆ្នាំ ២០១០ ដោយកែច្នៃគ្រាប់ស្វាយចន្ទី ដោយដៃ មានរសជាតិឆ្ងាញ់ និងបានទទួលកេរ្តិ៍ឈ្មោះ ល្បីល្បាញ ព្រមទាំងបានទទួលការបញ្ជាទិញជាបន្តបន្ទាប់។
បន្ទាប់ពីបានជួបប្រជុំនិងពិភាក្សាជាមួយក្រុមហ៊ុនថបផ្លេននីន ជប៉ុន (TPJ) ខណៈដែលក្រុមហ៊ុន កំពុងសិក្សាពីស្វាយចន្ទីកម្ពុជា ក្រោមជំនួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) សិប្បកម្ម និងក្រុមហ៊ុនថបផ្លេននីន បានសម្រេចរួមគ្នាបង្តើតរោងចក្រកែច្នៃគ្រាប់ស្វាយ ចន្ទីសាកល្បងដែលអនុលោមតាមស្តង់ដារអន្តរជាតិ និងសហការគ្នាជាដៃគូពាណិជ្ជកម្ម ក្រោមឈ្មោះរបស់ម្ចាស់សិប្បកម្មគឺ “គ្រាប់ស្វាយចន្ទីឡៃហួត” ដោយមានការសម្របសម្រួលនិង គាំទ្រដោយនាយកដ្ធានកសិ-ឧស្សាហកម្ម(ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ) ដោយបានកំណត់ចក្ខុវិស័យនិងកំណត់ទិសដៅច្បាស់លាស់ដើម្បី“ធ្វើឱ្យគ្រាប់ស្វាយចន្ទីកម្ពុជាទទួលបាននូវចំណាត់ថ្នាក់ខ្ពស់ត្រូវបានទទួលស្គាល់ទាំងគុណភាពនិងរសជាតិពីទីផ្សាជប៉ុននិងទីផ្សាក្រៅប្រទេសផ្សេងទៀត ។
(១)លើកកម្ពស់គុណភាពគ្រាប់ស្វាយចន្ទីស្រស់ និងផ្តល់តម្លៃខ្ពស់ដល់កសិករក្នុងតំបន់ និងកសិករដែលបានចុះកិច្ចសន្យាផលិតកម្មកសិកម្ម ។
(២)ធានាផលិតនូវគ្រាប់ស្វាយចន្ទីដែលប្រកបដោយគុណភាព និងមានសុវត្ថិភាពខ្ពស់ ។
(៣)ដើម្បីជាមូលដ្ឋានគ្រឹះនៃការលើកកម្ពស់គ្រាប់ស្វាយចន្ទីរបស់កម្ពុជានិងកាត់បន្ថយការធ្វើចំណាកស្រុកដោយផ្តល់នូវឱកាសការងារ និងប្រាក់កម្រៃសមរម្យដល់ស្រ្តី និងយុវជននៅក្នុងសហគមន៍ ។
លោកស្រីបញ្ជាក់ទៀតថារោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខ្នាតតូចបានបង្កើតឡើងនិងចាប់ផ្តើមដំណើរការ ចាប់តាំងពីចុងឆ្នាំ ២០២០ ក្រោមកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងសិប្បកម្មកែច្នៃគ្រាប់ ស្វាយចន្ទីជ័យសំបូរនិងក្រុមហ៊ុនថបផ្លេននីនជប៉ុនដោយទទួលបាននូវការគាំទ្របច្ចេកទេសនិងកិច្ចសម្របសម្រួលពីនាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើប្រព័ន្ធគ្រប់គ្រងគុណភាពនិងសុវត្ថិភាពការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា និងការកែច្នៃដែលអនុលោមតាមស្តង់ដារ ហើយក្រុមការងារគាំទ្របច្ចេកទេសរបស់នាយកដ្ឋានកសិ-ឧស្សាហកម្ម បានសម្របសម្រួលយ៉ាងពេញលេញជាមួយក្រុមហ៊ុនថបផ្លេននីន ជប៉ុន ក្នុងការបង្កើតស្តង់ដារសម្រាប់គ្រាប់ស្វាយចន្ទីរស្រស់អនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យានិងបង្កើតស្តង់ដារសម្រាប់កែច្នៃផលិតផលស្វាយចន្ទីរ ដើម្បីទទួលបានវិញ្ញាបនបត្រនៃការវិភាគហានិភ័យ លើចំណុចត្រួតពិនិត្យក្នុងផលិតកម្ម (HACCP) និងវិញ្ញាបនបត្រសរីរាង្គ។ គ្រប់ផ្នែកក្នុងផលិតកម្មកែច្នៃ បានអនុវត្តតាមប្រព័ន្ធគ្រប់គ្រងស្តង់ដារ ដែលជាគោលការណ៍ឧស្សាហកម្មកែច្នៃរបស់ជប៉ុន ដើម្បីធានាបាននូវគុណភាព និងសុវត្ថិភាពនៃផលិតផលស្វាយចន្ទីសម្រាប់អ្នកបរិភោគ។ សមិទ្ធិផលទាំងនេះជាផ្នែកសំខាន់មួយក្នុងការជម្រុញគ្រាប់ស្វាយចន្ទីរបស់កម្ពុជា ជាពិសេសនៅក្នុងខេត្តកំពង់ធំ ឱ្យមានការទទួលស្គាល់ជាសកល។
លោកស្រី បានលើកឡើងទៀតថាដោយមានកិច្ចសហការប្រកប ដោយជោគជ័យលើការបង្កើត រោងចក្រកែច្នៃសាកល្បងនេះនិងការផ្សារភ្ជាប់ភាពជាដៃគូរវាងផលិតករ វិស័យសាធារណៈ និងវិស័យឯកជន គ្រាប់ស្វាយចន្ទីរកែច្នៃដំបូងបង្អស់របស់លោកស្រី ដែលមានស្តង់ដារគុណភាព និងសុវត្ថិភាពខ្ពស់ ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសជប៉ុន ក្នុងបរិមាណចំនួន ១០ តោន ការនាំចេញលើកទី២ ហើយការនាំចេញបន្តបន្តាប់នឹងមានជារៀងរាល់ខែ។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីលក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទបានជំរុញឱ្យមន្ត្រីទាំងអស់ ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការជួយដល់ប្រជាពលរដ្ឋលើវិស័យកសិកម្មដើម្បីជួយលើកស្ទួយសេដ្ឋកិច្ចក្រុមគ្រួសារប្រជាពលរដ្ឋក៏ដូចជាសេដ្ឋកិច្ចជាតិផងដែរ។លោកបានបន្ថែមថាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបានដាក់ចេញ គោលនយោបាយជាអាទិភាពការប្ដេជ្ញាចិត្តយ៉ាងមុតមាំទៅលើកំណើនការងារសមធម៌ និងប្រសិទ្ធភាពការកសាងមូលដ្ឋាន ឆ្ពោះទៅចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដោយបង្កើនផលិតភាព ពិធីកម្មដំណាំកសិកម្ម និងកសិធុរកិច្ច តាមរយៈការជំរុញកំណើនផលិតកម្មគ្រប់មុខដំណាំ ជំរុញការ ធ្វើដំណាំចម្រុះ ដោយត្រូវឈរលើគោលការណ៍បច្ចេកទេសត្រឹមត្រូវ ទាំងពូជ ទាំងការដាំដុះ មើលថែទាំទឹក សត្វល្អិត ការប្រមូលផលវេចខ្ចប់ ស្តុកទឹក និងដឹកជញ្ជូនទៅកាន់ទីផ្សារប្រកបដោយ គុណភាព អនាម័យទើបធ្វើឱ្យផលិតផលរបស់យើងមានទីផ្សារល្អ និងមានតម្លៃខ្ពស់៕

