កណ្ដាល ៖ បុរសជាជាងផ្សាដែកម្នាក់ពាក់មួកក្លែងបន្លំឯកសណ្ឋានប៉ូលិសជាតិ ត្រូវបានសមត្ថកិច្ចកោះហៅសាកសួរនាថ្ងៃទី១២មិថុនាឆ្នាំ២០២១ បន្ទាប់ពីបានពាក់មួកប៉ូលិសឆ្លងទូកដ នៅចំណុចលើកំពង់ចម្លងព្រែកតូច បារ៉ែនក្រោម នៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ។
សមត្ថកិច្ចបានអោយដឹងថា អ្នកបើកម៉ូតូពាក់មួកប៉ូលិសឈ្មោះ ភន សុភា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក មានទីលំនៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។ វត្ថុតាងចាប់យក រួមមាន មួកប៉ូលិស០១ ,ម៉ូតូចំនួន០១គ្រឿងម៉ាកFTR ពណ៌ខ្មៅ ពាក់ស្លាកភ្នំពេញ1AN-7432 ,មាន់ឈ្មោលចំនួន០២ក្បាលនិងកន្ត្រកមាន់ចំនួន ០២ ។
សមត្ថកិច្ចបន្តថា នៅថ្ងៃទី០៨ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៧ព្រឹក ឈ្មោះ ភន សុភា បានទិញមាន់ឈ្មោលចំនួន០២ក្បាល (មាន់ដែលគេជល់ចាញ់មានរបួស) ក្នុងគោលបំណងយកទៅបង្កាត់ពូជ ដោយគ្មានចេតនាយកទៅជល់ភ្នាល់ដាក់លុយនោះទេ ។ បន្ទាប់ពីបានទិញរួចនៅវេលាម៉ោង ១០ ថ្ងៃខែឆ្នាំដដែល ខ្លួនក៏បានយកកន្ត្រកមកដាក់មាន់ខាងលើ រួចជិះម៉ូតូឌុបប្អូនរបស់ខ្លួនឱ្យជួយកាន់កន្ត្រកដែលដាក់មាន់ ០២ក្បាលខាងលើយកទៅទុកនៅផ្ទះ ។
នៅពេលដែលជិះម៉ូតូមកដល់ចំណុចកើតហេតុនៅលើកំពង់ចម្លងខណៈកំពុងជិះទូកឆ្លងទន្លេក៏ត្រូវបានគេថតរូបភាពបានបង្ហាញពីរូបពាក់មួកប៉ូលិសជិះម៉ូតូស្ពាយមាន់ជល់តែម្ដង ។រហូតដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ក៏ត្រូវបានសមត្ថកិច្ចធ្វើការកោះហៅឈ្មោះ ភន សុភា មកធ្វើការសាកសួរ និងអប់រំធ្វើកិច្ចសន្យា ។
នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ភន សុភា បានឆ្លើយសារភាពថា«ខ្លួនពិតជាបានពាក់មួកប៉ូលិស ហើយជិះម៉ូតូស្ពាយមាន់ពិតប្រាកដមែន» ៕ភាវុន