ឯកឧត្តម អ៊ុន ចាន់ដា បាននាំយកអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិ ផ្ដល់ជូនពលរដ្ឋរងគ្រោះដោយ សារខ្យល់កន្ត្រាក់នៅស្រុកកងមាស

កំពង់ចាម :  ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្ត អមដំណើរដោយ មន្ត្រី ពាក់ព័ន្ធ  និង អាជ្ញាធរ មូលដ្ឋាន  នាព្រឹក ថ្ងៃទី ១១  ខែមិថុនា  ឆ្នាំ ២០២១ បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋចំនួន ៣៨គ្រួសារ មកពីឃុំចំនួន៣ ក្នុងស្រុកកងមាស ដែលបានទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់បណ្តាលឲ្យ ខូចខាត ដល់លំនៅដ្ឋាន កាលពី ពេល កន្លង ទៅ ថ្មីៗនេះ ។ថ្លែងទៅកាន់ប្រជាពលរដ្ឋ ឯកឧត្តម អភិបាលខេត្ត បានសម្តែងនូវការសោកស្តាយជាពន់ពេក ជាមួយក្រុមគ្រួសាររងគ្រោះទាំងអស់ ចំពោះ មហន្តរាយធម្មជាតិ ដែលកើតឡើងដោយមិននឹកស្មានដល់ បង្កអោយមានការខូចខាត លំនៅដ្ឋានរបស់បងប្អូននាពេលនេះ។ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនរើសអើងឡើយ ហើយតែងបានចាត់តំណាងអោយចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ទាន់ពេលវេលា។ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យ បង្កើនការថែទាំសុខភាព ការពារសុវត្ថិភាពផ្ទាល់ខ្លួនឲ្យបានគ្រប់ៗគ្នា  ក្នុងការចូលរួមទប់ស្កាត់ ពីការឆ្លងនៃជំងឺកូវីដ-១៩ ទោះពេលក្នុងការបំពេញការងារ ឬប្រកបរបររកស៊ីផ្សេងៗ ឬទទួលបានការចាក់វ៉ាក់សាំងរួចហើយក្តីក៏មិនត្រូវធ្វេសប្រហេស ឬមើលស្រាលបានឡើយ។ ជាងនេះទៅទៀត សូមកុំភ្លេចអនុវត្តនូវវិធានសុខាភិបាល និងវិធានការ  ” ៣ការពារ និង ៣កុំ  ” ឲ្យបានជាប់ជាប្រចាំ រួមនឹងការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់, ការលាងសំអាតដៃជាមួយសាប៊ូ ឬអាល់កុល ជែល អោយបានញឹកញាប់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ស្របតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្នុងអំឡុងពេលនៃការឆ្លងរាលដាល នៃវីរុស កូវីដ-១៩ បម្លែងថ្មី ដ៏កាចសាហាវ កុំឲ្យរីករាលដាលក្នុងសហគមន៍យើង  ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *