ខេត្តប៉ៃលិន ៖ ថ្លែងនៅក្នុងការចែកអាវក្រៅដែលជាតំណាងឲ្យសមាគមន៍ម៉ូតូឌុបខេត្តប៉ៃលិន កាលពីថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២១នេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានណែនាំ និងអំពាវនាវដល់លោកអ៊ុ លោកពូ និងប្អូនៗ ដែលជាអ្នករត់ម៉ូតូឌុបទាំងអស់ ត្រូវតែបន្តអនុវត្ត៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាលដើម្បីការពារការឆ្លងជម្ងឺកូវិដ ១៩ ដែលកំពុងតែរីករាលដាលកាន់តែខ្លាំង ។ នេះជាទឹកចិត្តដោយស្មោះរបស់លោកជំទាវក្នុងនាមថ្នាក់ដឹកនាំខេត្ត តែងតែយល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋខ្លួន ហើយកន្លងមក ចំពោះលោកអ៊ុ លោកពូ សមាគមន៍ម៉ូតូឌុប តាក់ស៊ី ប៉ៃលិនលោកជំទាវ តែងតែបារម្ភពីសុវត្តិភាពសុខភាពពួកគាត់ ព្រោះមុខរបរនេះ មានហានិភ័យខ្ពស់ ងាយទទួលការឆ្លងមេរោគ កូវីដ-១៩បំផុត។
លោកជំទាវអភិបាលខេត្តបានមានប្រសាសន៍ថា៖ថ្ងៃនេះខ្ញុំកក់ក្តៅមួយកំរិតទៀតតែទោះបីជាយ៉ាងណា សូមលោកអ៊ុ លោកពូ បងប្អូនកុំភ្លេចខ្លួន នៅតែបន្ត ពាក់ម៉ាស លាងដៃ រក្សាគម្លាត នេះជាវិធីក្នុងការ ការពារ ការឆ្លងមេរោគកូវីដ-១៩ ។
ជាមួយគ្នាលោកជំទាវអភិបាលខេត្តប៉ៃលិន តំណាងឲ្យលោកអ៊ុ លោកពូ សមាគមន៍ម៉តូឌុប តាក់សុី ប៉ៃលិន ទាំងអស់ សូមគោរពថ្លែងអំណរគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងទ្វេ តែងតែគិតគូរកូនចៅប្រជារាស្រ្តគ្រប់ស្រទាប់វណ្ណៈ សម្តេចនៅរួមសុខរួមទុក្ខជាមួយប្រជារាស្រ្ត គ្រប់កាល:ទេស: ។
សូមរំលឹកដែរថា សមាគមន៍ម៉ូតូឌុបនៅខេត្តប៉ៃលិននេះ គឺផ្តួចផ្តើមឡើងដោយលោកជំទាវ បាន ស្រីមុំ កាលពីឆ្នាំ២០១៩ កាលដែលលោកជំទាវនៅជាតំណាងរាស្រ្តមណ្ឌលប៉ៃលិន ៕ ដោយ៖នីយ៉ា