ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ លោក ហែម សារិទ្ធិ អភិបាលស្រុកស្វាយជ្រំ ដឹកនាំក្រុមការងារស្រុក សហការជាមួយក្រុមប្រឹក្សាឃុំដូនស ចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុក ស្តីពីការបញ្ចប់ការធ្វើចត្តាឡីស័ក និងដំណើរការតូបលក់ដូរនៅទីប្រជុំជនផ្សារដូនស ស្ថិតនៅឃុំដូនស ឡើងវិញចាប់ពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១តទៅ។ សូមបញ្ជាក់ដែរថា តូបលក់ដូរនៅទីប្រជំុជនផ្សារដូនស ត្រូវបានផ្អាកជាបណ្តោះ អាសន្នអស់រយ:ពេល១៨ ថ្ងៃ ដោយសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១កន្លងទៅ ដោយការរកឃើញអ្នកវិជ្ជមានកូវីដ-១៩ នៅទីប្រជុំជនផ្សារនេះ ។ តាមចុះស្រាវជ្រាវរុករកដោយយកចិត្តទុកដាក់របស់ក្រុមការងារគឺរកឃើញអ្នកមានការពាក់ព័ន្ធផ្ទាល់ និងប្រយោល ១៧១ នាក់ ក្នុងនោះអ្នកមានវិជ្ជមានកូវីដ១៩ ចំនួន ១៨ នាក់ ហើយបច្ចុប្បន្នបានសះ ស្បើយ ៦នាក់ កំពុងសម្រាកព្យាបាល ចំនួន ១១នាក់ និងបានទទួលមរណភាព ចំនួន ០១នាក់។
រដ្ឋបាលស្រុកសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមអនុវត្តវិធានការការពារតាម ការណែនាំរបស់ក្រសួងសុខាភិបាល គឺ ” ៣ការពារ ៣កុំ” ជាប់ជាប្រចាំ។