បុរសម្នាក់បានស្លាប់នៅនឹងផ្ទះរបស់ខ្លួនហើយត្រូវបានគ្រូពេទ្យពិនិត្យសំណាកទៅលើសពតាមឧបករណ៍រហ័សជាបឋម រកឃើញវិជ្ជមានកូវីដ-១៩

ខេត្តកំពង់ឆ្នាំង:ព្រឹកថ្ងៃទី ១០ខែមិថុនាឆ្នាំ២០២១ នេះនៅ នឹងផ្ទះសពជនរងគ្រោះស្ថិតក្នុងភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ ឆ្នាំង បន្ទាប់ពីត្រូវបានក្រុមគ្រូពេទ្យបានចុះធ្វើការពិនិត្យយក សំណាកតាមឧបករណ៍រហ័សជាបឋម ទៅលើសពរកឃើញវិជ្ជមានកូវីដ-១៩។

សពជនរងគ្រោះឈ្មោះ ហួត សម្បត្តិ អាយុ៥៧ឆ្នាំមានមុខរបររត់តាក់ស៊ី ប្រពន្ធឈ្មោះ គៀង ណៃ អាយុ៥៧ឆ្នាំមានកូន២នាក់ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

លោកវីរៈសេនីយ៍ឯក ទឹម ចាន់ធី អធិការនគរបាលស្រុករលាប្អៀរបានបញ្ជាក់ប្រាប់អ្នកយកព័ត៌មាន នៅរសៀលថ្ងៃទី១០ខែមិថុនាឆ្នាំ២០២១នេះឲ្យដឹងថាសពជនរងគ្រោះបានស្លាប់នៅវេលាព្រឹកថ្ងៃទី១០ ខែមិថុនា២០២១នេះ។

អធិការនគបាលស្រុករលៀប្អៀបានអោយដឹងទៀតថានៅពេលមុនស្លាប់ជនរងគ្រោះមានអាការៈជំងឺ ធ្ងន់ធ្ងរក៏បានទូរស័ព្ទហៅរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងដើម្បីដឹកយកទៅធ្វើការជួយសង្គ្រោះប៉ុន្តែខាងរថយន្តពេទ្យមិនទាន់មកដល់ផងជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់នៅនឹងផ្ទះរបស់ខ្លួនតែម្តង ។

អធិការនគបាលស្រុករលាប្អៀរបានអោយដឹងទៀតថាបន្ទាប់ពីក្រុមគ្រូពេទ្យពិនិត្យសំណាកទៅលើកសពជនរងគ្រោះជាបឋមរកឃើញថា សពជនរងគ្រោះ មានវិជ្ជមានកូវីដ-១៩ខណៈនោះដែរក្រុមគ្រូពេទ្យ ក៏បានពិនិត្យសំណាកទៅលើប្រពន្ធ និងកូន២នាក់របស់សពលើកទីមួយលទ្ធផលអវិជ្ជមានទាំងអស់។

សពជនរងគ្រោះត្រូវបានដឹកយកទៅបូជានៅទីតាំងបូជាសពថ្មី ស្ថិតនៅភូមិដំណាក់កី ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

អាជ្ញាធរបានបញ្ជាក់ផងដែរថា សពជនរងគ្រោះមួយរយៈមុនស្លាប់ប៉ុន្មានថ្ងៃ គាត់ចេះតែពោលប្រាប់ ប្រពន្ធថារូបគាត់មានអាការៈឈឺសាច់ដុំ និងអស់កម្លាំងហេវហត់ តែមិនបានឈប់សម្រាកនោះទេ គឺគាត់នៅតែបន្តរត់ តាក់ស៊ីរហូតដល់មុនថ្ងៃដែលស្លាប់១ថ្ងៃ៕ដោយ សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *