ខេត្តកំពង់ឆ្នាំង : ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងឯកឧត្ដម ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត បានដឹកនាំសហការជាមួយមន្ទីរការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈខេត្តកំពង់ឆ្នាំង រួមអាជ្ញាធរក្រុង ចុះអប់រំផ្សព្វផ្សាយពីវិធានការការពារនិងទប់ស្កាត់ការ រីករាលដាលនៃជំងឺកូវីដ១៩ ដល់កម្មករ កម្មការិនី នៅក្នុងរោងចក្រតម្បាញ M&V ស្ថិតនៅក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២១នេះ ។
លោកវេជ្ជបណ្ឌិតប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ ដោយគូសបញ្ជាក់ថា រាល់ការអនុវត្តទៅបច្ចេកទេស និង វិធានការនានារបស់ក្រសួងសុខាភិបាល បានត្រឹមត្រូវ ដូចជាកាលាងសំអាតដៃឲ្យបានញឹកញាប់ជាប់ ការក្សាគំលាតសុវត្ថិភាព ពាក់ម៉ាស់ គឺពិតជាអាចទប់ស្កាត់បានការចម្លងនៃជំងឺកូវីដ១៩នេះ ប្រកប ដោយប្រសិទ្ធភាពផងដែរ ដូចនេះម្ចាស់រោងចក្រសហគ្រាសត្រូវតែអនុវត្តឱ្យបានតឹងរឹងបំផុត ។
មានប្រសាសន៍ក្នុងឧកាសនោះឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានសំដែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះម្ចាស់រោងចក្រសហគ្រាស ដែលតែងតែបានចូលរួមអនុវត្តបានត្រឹមត្រូវ តាមការណែនាំរបស់អាជ្ញាធរខេត្ត ស្រុកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។
ឯកឧត្តម បានបញ្ជាក់ទៀតថា ដើម្បីធានាបាននូវសុវត្ថិភាព ដល់បុគ្គលិក កម្មករ កម្មការនីជៀសផុតពីជំងឺកូវីដ១៩ត្រូវអនុវត្តវិធានការ៣កុំ ៣ការពា និង២ចូលរួមរបស់ក្រសួង សុខាភិបាលអោយបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ឆ្លងចូលទៅក្នុងសហគមន៍ និង ក្រុមគ្រួសាររបស់ខ្លួន ៕ដោយ សុក្ខារិន