ផ្លូវកៅស៊ូដែលបំផ្លាញដោយទឹកជំនន់ជិត1ឆ្នាំ ប្រជាពលរដ្ឋសំណូមពរឲ្យមន្ត្រីជំនាញអភិវឌ្ឍន៍ជនបទ ជួសជុលឡើងវិញ

បន្ទាយមានជ័យ៖ ផ្លូវមួយខ្សែក្រាលកៅស៊ូពីរជាន់ ប្រវែងជិត10គីឡូម៉ែត្រ នៅក្នុងឃុំបត់ត្រង់ តភ្ជាប់ទៅឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលបំផ្លាញដោយទឹកជំនន់ហូរចុះដាច់ជាង10កន្លែង កាលពីអំឡុងខែតុលាឆ្នាំ2020 កន្លងទៅ ប្រជាពលរដ្ឋសំណូមពរឲ្យមន្ត្រីជំនាញអភិវឌ្ឍន៍ជនបទ ជួសជុលឡើងវិញ ដើម្បីសម្រួលក្នុងការធ្វើដំណើរ។

ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវកៅស៊ូដែលរងការខូចខាតខាងលើ បានសំណូមពរឲ្យអាជ្ញាធរ និងមន្ទីរអភិវឌ្ឍន៍ជនបទ ជួសជុលផ្លូវឡើងវិញឲ្យបានឆាប់រហ័ស ក្រោយពីទឹកជំនន់ហូរច្រុះដាច់ជាក្រឡុកធំៗអស់រយៈពេលជិត1ឆ្នាំហើយ កន្លែងខ្លះដាច់ចំមុខផ្ទះ ដែលផ្លូវនេះ ជាផ្លូវសំខាន់ក្នុងទឹកទំនិញ កសិករផលតភ្ចាប់ពីស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ទៅកាន់ស្រុកបរវេល ខេត្តបាត់ដំបង។

លោក សៃ ឡៅ មេឃុំបត់ត្រង់ បានប្រាប់ថា ចំងាយផ្លូវកៅស៊ូចំនួនជិត10គីឡូម៉ែត្រ ដែលរងការខូចខាតដោយទឹកជំនន់ហូរច្រុះដាច់នេះ មានច្រើនកន្លែង ដែលកន្លែងខ្លះមានប្រវែង20ម៉ែត្រ ខ្លះ30ម៉ែត្រ 50ម៉ែត្រ និងខ្លះទៀតជាង100ម៉ែត្រ ពីឃុំបត់ត្រង់ ទៅឃុំរហាត់ទឹក ប្រវែងខូចខាតសរុបជិត900ម៉ែត្រ។ លោកបានស្នើសុំឲ្យទៅខាងស្រុកមង្គលបូរី ដើម្បីដាក់បន្តទៅខាងមន្ទីរអភិវឌ្ឍន៍ហើយ ដើម្បីជួយជួសជុលផ្លូវឲ្យពលរដ្ឋប្រើប្រាស់ឡើងវិញ។

លោក ជា យុទ្ធារុន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានបញ្ចាក់នៅថ្ងៃទី09 ខែមិថុនា ឆ្នាំ2021នេះថា ចំពោះផ្លូវកៅស៊ូពីរជាន់ ពីចំណុចឃុំបត់ត្រង់ ទៅឃុំរហាត់ទឹកនេះ មានប្រវែង8,900ម៉ែត្រ ហើយរងការខូចខាតដោយទឹកជំនន់ច្រើនកន្លែង។ លោកបានធ្វើរបាយការណ៍ទៅថ្នាក់លើហើយ ដោយលោកបានស្នើសុំទៅខាងក្រសួងរួចហើយ និងរងចាំគំរោងខាងធនាគា វើលបែង(Worlbank) ADB ធ្លាក់មកទើបចាប់ផ្តើមធ្វើការជួសជុល ដើម្បីសម្រួលនិងជួសជុលផ្លូវផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋប្រើប្រាស់ ឡើងវិញផងដែរ៕ដោយ សៅ នៅ

You might like

Leave a Reply

Your email address will not be published. Required fields are marked *