ខេត្តកំពង់ឆ្នាំង:កាលពីម្សិលមិញព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំងដឹកនាំកម្លាំងសហការជាមួយអាជ្ញាធរ ស្រុកនិងមន្ត្រីបរិស្ថានដែលឈរជើងនៅស្នាក់ការរងដែនជម្រកក្តុលសែនជ័យបានចុះចាប់គ្រឿងចក្រឈូសឆាយដីព្រៃមួយកន្លែងដែលមិនមានច្បាប់អនុញ្ញាតិនៅចំណុចឡុសឃុំក្តុលសែន ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងម្ចាស់គ្រឿងចក្រត្រូវបានប្រភពបង្ហើបថាគឺឈ្មោះ ណន ។
ក្នុងការចុះបង្ក្រាបចាប់គ្រឿងចក្រមួយចំនួនខាងលើត្រូវបានឃាត់ទុកនៅនឹងកន្លែងចំណែកគ្រឿងចក្រមួយចំនួនទៀត ត្រូវបានបើករត់គេចចេញ ប្រសាច។
នៅលើទីតាំងដីដែលបានឈូសឆាយប្រមាណជាជិត១០០ហិកតា ឃើញមានការដឹកជញ្ជូនគឺកុងតឺន័រ យកទៅដាក់ទីតាំងដីនោះផងដែរ។ដីនៅចំណុចខាងលើនេះប្រភពខ្លះបង្ហើបថាអាជ្ញាធរស្រុកនិងឃុំមិនហ៊ានប៉ះពាល់ទេព្រោះជាដីរបស់អ្នកធំមានអណាចម្នាក់។ប្រភពខាងលើបង្ហើបទៀតថាដីនោះមានប័ណ្ណរឹងហើយមានភាពមិនប្រក្រតីក្នុងការចេញប័ណ្ណកន្លងមកផងដែរ ។
អភិបាលស្រុកទឹកផុស លោក សូត្រសង់បានបញ្ជាក់ អោយដឹងនៅវេលាម៉ោង ៨និង៤០ នាទី ព្រឹកថ្ងៃទី០៨ខែមិថុនាឆ្នាំ២០២១នេះថា:កាលពីម្សិលមិញពិតជាមានការចុះបង្ក្រាបចាប់គ្រឿងចក្រដែលទៅឈូសឆាយដីព្រៃទាំងនោះមែនលោកបញ្ជាក់ថាក្រុមការងាររបស់លោកបានធ្វើការត្រួតពិនិត្យនាពេលកន្លងមកនៅលើទីតាំងនោះដោយខាងមន្ទីរដែនដីស្រុកបានបញ្ជាក់ថាទីតាំងដីនោះមានមានប័ណ្ណរឹងតាំងពីជំនាន់០១ ។
កាលពីលើកមុនក្រុមនេះបានធ្វើការឈូសឆាយរុករានទន្ទ្រានម្ដងរួចហើយអាជ្ញាធរស្រុកក៏បានចុះទៅឃាត់ម្តងរួចហើយកាលនោះឈូសឆាយហើយមានប្រមាណជាង៧០ហិចតាបន្ទាប់មកក៍បានណែនាំឲ្យធ្វើច្បាប់ឈូសឆាយឲ្យបានត្រឹមត្រូវតែលើកនេះលបលួចឈូសឆាយដោយមិនឲ្យអាជ្ញាធរដឹងឮធ្វើទាំងបំពានដោយមិនមានច្បាប់ទម្លាប់។
លោកអភិបាលស្រុកទឹកផុសបញ្ជាក់ទៀតថាលោកមិនបានស្គាល់ឈ្មោះម្ចាស់ដីថាជាអ្នកណានោះឡើយដែលបានទិញពីប្រជាពលរដ្ឋដោយគ្រាន់តែដឹងថាដីនោះមានឈ្មោះរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះហើយត្រង់គាត់លក់ឲ្យអ្នកណាក៍គាត់មិនបានដឹងដែរបច្ចុប្បន្នក៏មិនទាន់មានការកាត់ផ្ទេរឈ្មោះទៅឱ្យខាងអ្នកណាផងដែរ ៕ដោយ សុក្ខារិន