ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តប៉ៃលិន ដែលដឹកនាំដោយលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន, ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានដឹកនាំមន្ត្រីរាជការ អង្គភាពជុំវិញខេត្ត ធ្វើការសម្អាតអនាម័យ និងលាបថ្នាំអាគារមួយកន្លែងទៀត ដើម្បីត្រៀមធ្វើជាមណ្ឌលសម្រាប់ចត្តាឡីស័កបន្ថែមទៀត នៅក្នុងបរិវេណអតីតវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ ស្ថិតក្នុងភូមិអូរអណ្តូង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា ៖ ដោយអនុវត្តតាមការណែនាំ និងវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ទើបរដ្ឋបាលខេត្តប៉ៃលិន បានរៀបចំមណ្ឌលចត្តាឡីស័កជាច្រើនកន្លែង សម្រាប់បងប្អូនប្រជាពលរដ្ឋដែលប៉ះពាល់ផ្ទាល់ ឬប្រយោល ជាមួយអ្នកជម្ងឺកូវីដ-១៩ និងបងប្អូនដែលទើបតែវិលត្រលប់មកពីតំបន់ប្រឈមនានា តាមបណ្តារាជធានី/ខេត្ត ។ លោកជំទាវបញ្ជាក់ថា ក្នុងករណីសង្ស័យបន្ទាប់ពីក្រុមគ្រូពេទ្យជំនាញពិនិត្យសុខភាព ជាពិសេសបងប្អូនពលករដែលបានវិលត្រឡប់មកពីក្រៅប្រទេស ។ អាជ្ញាធរខេត្ត ក៏បានរៀបចំក្រុមការងារ ដែលមានការចូលរួមពីបណ្តាមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងក្រុមយុវជន សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្ត និងធ្វើការចម្អិនម្ហូបអាហារ សម្រាប់បងប្អូនកំពុងធ្វើ ចត្តាឡីស័កចំនួន ៣ពេល ជាប្រចាំថ្ងៃផងដែរ។
លោកស្រី អភិបាលខេត្ត បានបញ្ជាក់ថា៖ ជាក់ស្តែងនៅថ្ងៃនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ អង្គភាពស្ថាប័នជំនាញជុំវិញខេត្ត បានរួមគ្នាសម្អាតអនាម័យបរិស្ថាន និងលាបថ្នាំអគារ នៅមណ្ឌលចត្តាឡីស័កត្រៀមថ្មីនេះ គឺក្នុងគោលបំណង ទី១-ចង់បង្ហាញជាគម្រូដ៏ល្អសម្រាប់ប្រជាពលរដ្ឋ ក្នុងការចូលរួមទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ និងទី២- ដើម្បីបង្កើនសាមគ្គីភាព ឯកភាព ប្រកបដោយភាពស្និតស្នាល និងការទទួលខុសត្រូវខ្ពស់ ក្នុងនាមជាមន្ត្រីរាជការបម្រើជាតិ និងប្រជាជន។
នៅក្នុងឱកាសនោះដែរ លោកជំទាវ បាន ស្រីមុំ ក៍បានថ្លែងការកោតសរសើ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងម្លាំងសមត្ថកិច្ច និងក្រុមគ្រូពេទ្យជំនាញ ព្រមទាំងមន្ត្រីរាជការទាំងអស់គ្រប់ជាន់ថ្នាក់ ដែលកំពុងបំពេញបេសកកម្មដ៏ថ្លៃថ្លា សម្រាប់ប្រជាជន និងប្រទេសជាតិ នៅតាមគោលដៅ និងតាមមណ្ឌលចត្តាឡីស័កនានាក្នុងខេត្ត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩ ៕ ដោយ ៖ នីយ៉ា