ខេត្តស្វាយរៀង៖រដ្ឋបាលខេត្តស្វាយរៀងពិតជាមានក្តីរន្ធត់ក្តុកក្តួលក្រៀមក្រំឥតឧបមាជាមួយគ្រួសារសពឧបាសក ឆាន់ សាំ ចំពោះការបាត់បង់សាច់ញាតិជាទីគោរពស្រឡាញ់ និងសូមបួងសួងដួងវិញ្ញាណ ក្ខន្ធឧបាសក ឆាន់ សាំ ឆាប់បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
គួររំលឹកផងដែរបុរសដែលស្លាប់ឈ្មោះ ឆាន់ សាំ រស់នៅភូមិ ដូនស ឃុំ ដូនស ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀងកាលពីថ្ងៃទី២២ខែឧសភាឆ្នាំ២០២១បានយកវត្ថុវិភាគសំណាកដើម្បីធ្វើតេស្តរហ័សលទ្ធផលវិជ្ជមានកូវីដ-១៩ក៏បានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក សាមគ្គីរំដួល ស្រុករំដួលខេត្តស្វាយរៀងហើយដោយអ្នកជំងឺមានស្ថានភាពសុខចាប់ផ្តើមវិវត្តន៍ទៅសភាពធ្ងន់ធ្ងរតាំងពីចូលមកសម្រាកនៅមន្ទីរពេទ្យដំបូងតម្រូវឲ្យក្រុមគ្រូពេទ្យប្រើប្រាស់នូវម៉ាសុីនជំនួយក្នុងការដកដង្ហើមហើយនៅថ្ងៃទី៦ខែមិថុនាឆ្នាំ២០២១វេលាម៉ោង១១ៈ៤៥នាទីបានទទួលមរណភាពដោយសាររលាកសួតនិងខ្សោយសួតធ្ងន់ធ្ងរទាំងសងខាងបង្កឡើងដោយជំងឺកូវីដ-១៩រួមផ្សំជរាពាធផង។ ចំពោះករណីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ខាងលើនេះជាករណីទី៧ហើយក្នុងខេត្តស្វាយរៀង។ យោងតាសេចក្តីជួនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀងសូមជម្រាបផងដែរថានៅក្នុងខេត្តស្វាយរៀងកន្លងមករកឃើញអ្នកវិជ្ជមានកូវីដ-១៩សរុបចំនួន១០៨៧នាក់ស្រីចំនួន៦៣៩នាក់ករណីជា សះស្បើយចំនួន៦០៣នាក់ស្រី៣១២នាក់ករណីកំពុងសម្រាកព្យាបាលចំនួន៤៧៦នាក់ស្រី៣២៥នាក់និងករណីស្លាប់ចំនួន៧នាក់នេះបើយោងតាមសេចក្ដីជួនព័ត៌មានរបស់ក្រសួងសុខាភិបាលចេញថ្ងៃទី៧ខែមិថុនាឆ្នាំ២០២១រកឃើញករណីវិជ្ជមាន-១៩ក្នុងខេត្តស្វាយរៀងចំនួន៤៣នាក់ស្រី២៣នាក់ករណីជា សះស្បើយចំនួន៩៩នាក់ស្រី៥៩នាក់និងករណីស្លាប់ម្នាក់ភេទប្រុស៕ ក្នុងនោះដែរ រដ្ឋបាលខេត្តស្វាយរៀង៖ សូមអំពាវនាវដល់អ្នក ដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ឬប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ទាំង៤៣នាក់ខាងលើសូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាព រយៈពេល១៤ថ្ងៃ ហើយប្រសិនមានអាការខុសប្រក្រតី ដូចជា ក្តៅខ្លួន ក្អក កណ្តាស់ ឈឺបំពង់ក ពិបាកដកដង្ហើម សូមផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាននិងរួសរាន់ទៅយកវត្ថុវិភាគសំណាកឬទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧/០៤៤៧១២៥២២និងសូមឲ្យបងប្អូន ប្រជាពលរដ្ឋចូលរួមអនុវត្តឲ្យខ្ចាប់ ខ្ជួននូវវិធាការការពារតាមណែនាំរបស់ក្រសួងសុខាភិបាលនិងវិធានការទប់ស្តាត់ការពារជំងឺកូវីដ-១៩«៣ ការពារ ៣ កុំ»ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៕