អាជ្ញាធរខេត្តកំពង់ចាម គ្រោងបង្កើតទីលានចាក់សំរាមថ្មីមួយកន្លែង នៅស្រុកជេីងព្រៃ លេីផ្ទៃដីប្រមាណជា៥០ហិកតា

កំពង់ចាម :  ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយ អភិបាលរងខេត្ត  ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ពាក់ព័ន្ធ  និងអាជ្ញាធរមូលដ្ឋាន  នាព្រឹក ថ្ងៃទី ៧  ខែមិថុនា  ឆ្នាំ ២០២១  បានអញ្ជើញចុះពិនិត្យគម្រោងពង្រីកទីលានចាក់សំរាមថ្មីមួយកន្លែង  ដែលមានទំហំ ប្រមាណជា៥០ហិកតា ស្ថិតនៅក្នុងភូមិខ្នារ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ សំដៅលើកកម្ពស់សុខភាព  និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ  ។

លោក នួន គង់សល្យ ប្រធានមន្ទីរបរិស្ថានខេត្ត កំពង់ចាម  បាន ឲ្យដឹងថា  ចំពោះ គម្រោង ពង្រីក ទីលាន ចាក់ សំរាម ដែលអាជ្ញាធរខេត្តរួមជាមួយនឹងជំនាញបរិស្ថាន  ចុះពិនិត្យដោយផ្ទាល់នេះ បច្ចុប្បន្ន ទីតាំង នេះមានដីទំហំ ប្រមាណជា ៥០ហិកតា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់  និងនេសាទ។ ក្នុងនោះបានពិនិត្យមើលតាមផែនទី ព្រមទាំងចុះដល់កន្លែងដោយផ្ទាល់ ធ្វើយ៉ាងណាមិនឲ្យមានផលប៉ះពាល់ទៅដល់អ្នកដទៃ។ ដោយទីនេះក៏ធ្លាប់ត្រូវបានមន្ត្រីជំនាញក្រសួងបរិស្ថានបានធ្វើការវាយតម្លៃដោយសមស្របគឺនឹងអាចប្រែក្លាយជាទីលានចាក់សំរាមបាន។

លោកប្រធានមន្ទីរបរិស្ថាន  បានឲ្យដឹងទៀតថា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នឹងធ្វើការស្នើសុំលាយលក្ខណ៍អក្សរទៅក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដើម្បី បង្វែរ ដី នៅ តំបន់ នោះ  ឲ្យ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តកំពង់ចាមវិញ ជាមួយនោះក៏មានការស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

លោក ប្រធាន មន្ទីរ បរិស្ថាន  បាន បញ្ជាក់ ថា  នាពេលខាងមុខសម្រាប់ស្រុកជើងព្រៃ ស្រុកបាធាយ និងស្រុកព្រៃឈរ គឺចាក់សំរាមនៅតំបន់នេះ  ដែល នៅជិត ងាយស្រួលមិន ចាំបាច់ទៅឆ្ងាយ។ បច្ចុប្បន្ន មានទីលានចាក់សំរាមមួយកន្លែងនៅក្នុងឃុំបុសខ្នុរ  ស្រុកចំការលើ ដែលមានទំហំ១០ ហិកតា ត្រូវបានក្រុមហ៊ុនប្រមូលសំរាមនៅក្នុងក្រុងកំពង់ចាម ហើយយកទៅចាក់ចោលនៅតំបន់នោះ ដោយទីលាននោះស្ថិតនៅឆ្ងាយពីភូមិរបស់ប្រជាពលរដ្ឋ និងមិនមានក្លិនស្អុយជះទៅដល់អ្នកភូមិនោះឡេីយ ។ គួររំលឹក ថា  កន្លងមកឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឧបត្ថម្ភផ្ដល់ម៉ូតូ  និងរថយន្តដឹកសំរាម ជូនដល់រដ្ឋបាលខេត្តកំពង់ចាមជាច្រើនគ្រឿង ដោយបានបែងចែក ជូនតាមបណ្ដាក្រុង ស្រុកមួយចំនួន  ដេីម្បី ប្រើប្រាស់ក្នុងយុទ្ធនាការប្រមូលសំរាមឲ្យបានស្អាត  និងមានបរិស្ថានល្អ ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *