ខេត្តកំពង់ឆ្នាំង៖បើយោងតាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ដែលទទួលបាននៅថ្ងៃ ទី៧មិថុនា២០២១មកដល់ពេលនេះ ខេត្តកំពង់ឆ្នាំង ការងារបង្ករបង្កើនផលរដូវវស្សា ផ្ទៃដីភ្ជួររាស់សម្រាប់ដាំដុះ ចំនួន ៩៥ ៣៩៩ ហិកតា(ដោយគ្រឿងយន្ត) ក្នុងនោះសាបបាន ចំនួន ១៤៩ ហិកតា ផ្ទៃដីដាំដុះ(ព្រោះ) ចំនួន ៩៥ ៣៩៩ ហិកតា ស្មើនឹង ៧៨,១៩% លើផែនការ ១២២ ០០០ ហិកតា ក្នុងនោះ ស្រូវស្រាល ១៥ ៦១០ ហិកតា , ស្រូវកណ្តាល ៣៩ ៤០៤ ហិកតា និង ស្រូវធ្ងន់ ៤០ ៣៨៥ ហិកតា ហើយបើធៀបទៅនឹងឆ្នាំមុនគឺមានលក្ខណៈល្អប្រសើរ និងមានលឿនដោយសារតែឆ្នាំនេះអាកាសធាតុអំណោយផលភ្លៀងធ្លាក់ដើមដៃរាយប៉ាយនៅទូទាំង ខេត្ត។
ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង លោក ងិនហ៊ុនបានមានប្រសាសន៍អោយដឹងថា កសិករនៅក្នុងខេត្តបានបង្កបង្កើនផលស្រូវរដូវវស្សាសម្រេចបាន ចំនួន ៧៨,១៩ ភាគរយ លើផែនការសរុបជាង ១២២ ០០០ហិកតា ដោយសារតែភ្លៀងធ្លាក់បានគ្រប់គ្រាន់។
ប្រធានមន្ទីកសិកម្មខេត្តកំពង់ឆ្នាំងបានបន្តអោយដឹងទៀតថា ចំពោះស្រូវរដូវវស្សាដែលកសិករកំពុងបង្កបង្កើនផលនេះមានដូចជា ស្រូវរំដួល ស្រូវសែនក្រអូប និងស្រូវមិនប្រកាន់រដូវ ខណៈដែលស្រូវទាំងអស់នេះងាយ ស្រួលដាំដុះ ហើយឆាប់ទទួលបានផល ជាពិសេសគឺមានទីផ្សារល្អថែមទៀតផង។
លោកប្រធានមន្ទីបានអោយដឹងបន្ថែមទៀតថា មន្ត្រីកសិកម្មខេត្តតែងតែចុះធ្វើការបណ្តុះបណ្តាល និងផ្តល់បច្ចេកទេសដល់ប្រជាកសិករ ឱ្យបង្កើនការដាំដុះឱ្យបានច្រើន និងប្រាប់ពីរបៀបជ្រើសរើសពូជស្រូវណា ដែលឆាប់ទទួលបានផលច្រើន និងងាយយកទៅលក់នៅលើទីផ្សារ។
មន្ត្រីនៃមន្ទីរកសិកម្ម បានចុះត្រួតពិនិត្យនិងតាម ដានការងារបង្កបង្កើនផលរបស់គាត់តាមបណ្ដាស្រុកនិមួយៗទី១ពាក់ព័ន្ធនឹងការងារសត្វល្អិតបំផ្លាញ ផលស្រូវ ទី ២ ពាក់ព័ន្ធនឹងកន្លែងដែលខ្វះខាតទឹកទី ៣ ពាក់ព័ន្ធនឹងការងារបច្ចេក ទេសឱ្យគាត់មើលទឹកក្នុងស្រែឱ្យបានត្រឹមត្រូវ ។
ប្រធានមន្ទីរកសិកម្មខេត្ត ក៏បានអំពាវនាវឱ្យប្រជាកសិករទាំង អស់ ឱ្យពង្រីករបរកសិកម្មបន្ថែមទៀត ដើម្បីអាចរកចំណូលបន្ថែម សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ ជៀសវាងការធ្វើចំណាកស្រុក ទៅធ្វើការនៅប្រទេសគេ ដោយទុកដីទំនេរចោល ជាពិសេសប្រជាកសិករត្រូវតែចេះស្វែង យល់ពីបច្ចេកទេសមួយចំនួនក្នុងការដាំដុះ និងយកចិត្តទុកដាក់ខ្ពស់ ទៅលើដំណាំរបស់ខ្លួន ដើម្បីទទួលបានទិន្នផលល្អ ៕ដោយ សុក្ខារិន