ស្ថានីយ៍ថ្លឹងរថយន្តលើសទម្ងន់ ខេត្តព្រះវិហារចាប់ផ្តើមដំណើរការសាងសង់ ក្រោយទទួលបានការអនុញ្ញាតពីរដ្ឋមន្ត្រីក្រសួងសាធារណការ

ព្រះវិហារៈ ស្ថានីយ៍ថ្លឹងរថយន្តលើសទម្ងន់ «អូរពោធិ-ព្រះវិហារ» ស្ថិតនៅភូមិអូរពោធិ ឃុំរម្មណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ ជាប់ព្រំប្រទល់ខេត្តកំពង់ធំ ព្រះវិហារ តាមបណ្តោយផ្លូវជាតិលេខ៦២ ត្រូវបានចាប់ដ្តើមដំណើរការសាងសង់ហើយ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងប្រាប់ នៅព្រឹក ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១នេះថា ការសាងសង់ស្ថានីយ៍ថ្លឹងរថយន្តលើសទម្ងន់ «អូរពោធិ-ព្រះវិហារ» នេះ បន្ទាប់ពីទទួលបានការឯកភាពពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹងជញ្ជូន តាមសំណើរមន្ទីរសាធារណការ និងអាជ្ញាធរខេត្តព្រះវិហារ។

លោក ប្រធានមន្ទីរសាធារណការ បានថ្លែងបញ្ជាក់ថា មុនឈានដល់ការសាងសង់ស្ថានីយ៍ថ្លឹង រថយន្តនៅចំណុចខាងលើនេះ, លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ តំណាង លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំក្រុមការងារបច្ចេកទេស សហការជាមួយអជ្ញាធរ ខេត្តព្រះវិហារ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ចុះពិនិត្យមើលជាក់ស្តែងសិក្សាវាយតម្លៃទីតាំង ដែលបានស្នើសុំខាងលើនេះផងដែរ។

លោក សំ លាងទ្រី បានថ្លែងបញ្ជក់យ៉ាងដូច្នេះទៀតថា ការសាងសង់ស្ថានីយ៍ថ្លឹងរថយន្តដឹកលើស ទម្ងន់អចល័តនេះ ក្នុងគោលបំណងកាត់បន្ថយការដឹកជញ្ជូនលើសទម្ងន់។

លោកថា កន្លងមករថយន្តដឹកជញ្ជូនលើសទម្ងន់ ដែលធ្វើចរាចរណ៍ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ត្រូវបានក្រុមការងារធ្វើការត្រួតពិនិត្យ ដែលករណីខ្លះទទួលបានព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋ និងសមត្ថកិច្ចដែលគាត់សង្ស័យថា ដឹកលើសទម្ងន់ លុះក្រុមការចុះទៅពិនិត្យជាក់ស្តែងតាមការ រាយការណ៍ របស់គាត់ឃើញថារថយន្តនោះដឹកលើសទម្ងន់ ហើយយើងត្រូវទាក់ទងរកជញ្ជីងចល័ត យកមកថ្លឹង ដែលជាហេតុនាំឲ្យមានការយឺតយ៉ាវរហូតម្ចាស់រថយន្តខ្លះ អន់ចិត្តក៏មាន ប៉ុន្តបន្ទាប់ ស្ថានីយ៍នេះសាងសង់រួចរាល់នោះ បញ្ហាទាំងនេះនឹងត្រូវការបន្ថយផងដែរ។

ជាមួយគ្នានេះលោក សំ លាងទ្រី ក៏បានថ្លែងអំពាវនាវដល់អ្នកបើកបរតាមដងផ្លូវទាំងអស់ ត្រូវចូលរួម គោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដោយមិនត្រូវបើកបរលើសល្បឿនកំណត់ មិនត្រូវបើកបរ វ៉ាជែងទាំងប្រថុយប្រថាន មិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង មិនត្រូវដឹកលើកទម្ងន់ កំណត់ ឫដឹក សំពីងសំពោង ពិសេសត្រូវពាក់ខ្សែរក្រវ៉ាត់ការពារខ្លួនជានិច្ចមុនពេលបើកបរ និងសូមចូលរួមប្រយុទ្ធ ប្រឆាំងជំងឺកូវីដ១៩ ដោយត្រូវអនុវត្តឲ្យបានទៀងទាត់ តាមការណែនាំ របស់ក្រសួងសុខាភិបាល និង អនុវត្តវិធានការរាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ដើម្បីការពារខ្លួន ក្រុមគ្រួសារ និងសហគមន៍យើង ពីការឆ្លងរាលដាលជំងឺកូវីដ១៩៕SPS

You might like

Leave a Reply

Your email address will not be published. Required fields are marked *