ខេត្តបាត់ដំបង ៖ ប្តី ប្រពន្ធ ២ នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ដោយសារតែសភាពមុខរបួស ធ្ងន់ធ្ងរខ្លាំងពេក រហូតបាក់ជើងទាំង ២ នាក់ និងមានបំណែកឆ្អឹងជាប់នៅនឹងកាងរថយន្តថែមទៀតផង ខណៈដែលរថយន្តបង្កហេតុនេះ បានប្រើប្រាស់ល្បឿនលឿន និង បានឡើងជែងនិងរថយន្តមួយ គ្រឿងទៀតខ្វះការប្រុងប្រយ័ត្ន បណ្តាលអោយបុកទៅនឹងម៉ូតូទាំងកំរោលតែម្តង ។
ហេតុការដ៏រន្ធត់នេះបានកើតឡើង កាលពីវេលាម៉ោង ១ និង ៣០ នាទី រសៀល ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២១តាមបណ្តោយផ្លូវជាតិលេខ ៥ ដែលជាផ្លូវកំពុងស្ថាបនា ក្នុងភូមិសាស្ត្រ ភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង រវាងរថយន្តម៉ាក វីហ្គូ ព៌ណខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2H-0810 ជាមួយនិងម៉ូតូ ម៉ាកឃ្លីក ព៌ណស ពាក់ស្លាកលេខ បាត់ដំបង 1AE-2375 ក្នុងទិសដៅច្រាស់គ្នា ។ យោងតាមសាក្សីដែលនៅក្បែទីតាំងកើតហេតុ បានបញ្ជាក់ថា ដំបូងគេឃើញរថយន្តបង្កខាងលើ បានបោះពួយយ៉ាងលឿន ក្នុងទិសដៅពីលិចទៅកើត លុះដល់ត្រង់ចំណុចខាងលើរថយន្តនេះបានឡើងជែងនិងរថយន្តយន្តមួយគ្រឿងទៀតដែលនៅខាងមុខ ហើយក៏បានបុកទៅលើម៉ូតូយ៉ាងពេញទំហឹង និងជ្រុលក្រឡាប់ខ្លួនឯងនៅម្ខាងថ្នល់ខាងឆ្វេង ដោយឡែកជនរងគ្រោះដែលបើកបរម៉ូតូ ២ នាក់ប្តីប្រពន្ធ បានបាក់ជើងគួរអោយរន្ធត់ជាទីបំផុត ចំណែលអ្នកបើកបររថយន្តក៏រងរបួសដែរ ។
ភ្លាមៗនោះដែរគេសង្គេតឃើញថា មន្ត្រីនគរបាលចរាចរណ៍ដែលកំពុងចុះវាស់វែង ហាក់មានការ លាក់លៀមនូវអត្តសញ្ញាណអ្នកបើកបរ គឺគេមិនបានបញ្ចេញអោយអ្នក សារព័ត៌មានដឹងឡើង បើទោះបីជាគេទទួលបាននូវអត្តសញ្ញាណរួចទៅហើយក៏ដោយ ដែលគេសង្ស័យថា អាចជាការឃុប ឃិតគ្នា ឬក៏ត្រូវរ៉ូវគ្នាជាមួយភាគីបង្កដើម្បីបំភ្លៃការពិតនូវរឿងអ្វីមួយ បានជាគេប្រឹងលាក់លៀម បែបនេះ ៕