កណ្តាល ៖ ជនសង្ស័យ២នាក់ត្រូវបានប៉ូលិសក្រុងតាខ្មៅឃាត់ខ្លួន ខណៈកំពុងលួចកាត់ខ្សែភ្លើងរដ្ឋ នាថ្ងៃ០៧ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០២និង៣០នាទី រំលងអធ្រាត្រ នៅចំណុចតាមផ្លូវសួនច្បារមាត់ទន្លេភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ប៉ូលិសនិយាយថា ជនសង្ស័យ០២នាក់រួមមាន ១-ឈ្មោះ សុះ អាកាសាក់ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិព្រែតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)និង២-ឈ្មោះគង់ ផានិត ភេទប្រុស អាយុ១៧ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិតាខ្មៅ១ សង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន) ។វត្ថុតាងចាប់យក ១-ដង្កាប់កាត់ខ្សែភ្លើងចំនួន២ជារបស់ជនសង្ស័យ,២-ខ្សែភ្លើងចំនួន២ដុំនិង
៣-ម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ស៊េរី២០១៨ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1GR-3535 ជារបស់ជនសង្ស័យ។ ប៉ូលិសបន្តថា កាលពីវេលាកើតហេតុខាងលើកម្លាំងប៉ូលិស ល្បាតរបស់ក្រុងតាខ្មៅ ដឹកនាំដោយលោកវរសេនីយិ៍ត្រី ពៅ បារមី អធិការរងទទួលការងារ យុត្តិធម៌បានដឹកនាំកម្លាំងល្បាត មកដល់ចំណុចសួនច្បារមាត់ទន្លេតាខ្មៅ និងជុំវិញតារាងបាល់ ទាត់ខេត្ត ក៏ស្រាប់តែប្រទះឃើញជនសង្ស័យ២នាក់ខាងលើ បាននាំគ្នាជិះម៉ូតូមកឈប់ ហើយនាំគ្នាកាត់យកខ្សែភ្លើងរបស់សាធារណៈ ដែលដាក់រាយតាមផ្លូវ បានចំនួន២ដុំ ហើយកម្លាំងប៉ូលិសក៏បានឃាត់ខ្លួន ព្រមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋានដើម្បី ចាត់ការតាមនីតិវិធីតែម្តង។ ប៉ូលិសបន្តទៀតថា តាមការសាកសួរជនសង្ស័យទាំង២នាក់បានឆ្លើយថា ទើបតែប្រព្រឹត្តលើកទី១នេះទេ។បច្ចុប្បន្នជនសង្ស័យទាំង២នាក់និងវត្ថុតាងបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី៕ភាវុន