ខេត្តកំពង់ឆ្នាំង :ផ្លូវលំមួយខ្សែតភ្ជាប់ពីឃុំច្រណូក ទៅឃុំផ្លូវទូក ស្រុកកំពង់លែង ជាព្រះរាជ អំណោយ ដ៏ថ្លៃថ្លា ព្រះបាទនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កសាងរួចរាល់ជាស្ថាពរ ត្រូវបានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង កំពុងតែមមាញឹកក្នុងការជួសជុលថែទាំផ្លូវ ជាប្រចាំ ដើម្បីឲ្យបានប្រើប្រាស់បានយូរអង្វែង ប្រជាពលរដ្ឋរស់នៅឃុំផ្លូវទូកមានសេចក្តីរីករាយ សប្បាយចិត្តក្រៃលែង ។លោក ខៀវ គៀន មេភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង បាននិយាយឲ្យដឹងនៅថ្ងៃទី៦មិថុនា២០២១ម្សិលមិញនេះថា៖ក្រោយពីប្រជាពលរដ្ឋបន្លាស់ទីផ្ទះបណ្ដែតទឹក មករស់នៅលើគោក គឺពុំទាន់មានផ្លូវនៅឡើយទេ កាលណោះ ព្រះករុណា ព្រះបាទនរោត្តម សីហមុនី ព្រះអង្គ សព្វព្រះរាជហទ័យ ប្រោសប្រទាននូវកំណាត់ផ្លូវមួយខ្សែ តភ្ជាប់ពីឃុំច្រណូក មកកាន់ឃុំផ្លូវទូក ដែលមានចម្ងាយ១៤,២០០គីឡូម៉ែត្រ ។ ជាមួយគ្នានេះក្រសួងសាធារណការ និងដឹកជញ្ជូន បានកសាងបន្ថែម ប្រវែង ចំនួន២២ គីឡូម៉ែត្រទៀត សរុបកំណាត់ផ្លូវមាន ប្រវែង៣៦,២០០គីឡូ ម៉ែត្រ ទើបមកដល់ឃុំផ្លូវទូក ។ លោកមេភូមិថ្នល់ឈើទាល បានបន្តថា៖ ក្រោយការកសាងហើយ ផ្លូវតែងមានការខូចខាត ដោយ សារជំនន់ទឹកភ្លៀង និង ទឹកជំនន់ទឹកទន្លេឡើងជាដើម ។ហេតុនេះហើយ ខាងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានយកចិត្តទុកដាក់ជួសជុលថែទាំផ្លូវនេះជាប្រចាំ ទាំងរដូវប្រាំងនិងវស្សា ដោយមិនឲ្យខូចខាត ខ្លាំងឡើយ ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋពិតជាមានសេចក្តីរីករាយ និងត្រេកអរយ៉ាងក្រៃលែង ។
លោក ខៀវ គៀន មេភូមិថ្នល់ឈើទាល ឃុំផ្លូវទូក លោកក៏បានរំលឹកពីអតីតកាលថា៖ កាលនៅលើផ្ទះបណ្ដែតទឹក ពេលធ្វើដំណើរដោយផ្លូវទឹកទៅកាន់ខេត្តកំពង់ឆ្នាំងម្ដងៗ គឺជួបការលំបាកខ្លាំងណាស់ សូម្បីតែការធ្វើដំណើរតាមកាណូតផ្ទាល់ខ្លួន ក៏ត្រូវចំណាយប្រេងមួយកានឬស្មើនឹង 30 លីត្រដែរ ហើយបើពេលស្ទះកំប្លោកម្តងៗ មិនងាយធ្វើដំណើរទៅមុខបានស្រួលឡើយប៉ុន្តែចាប់ តាំងពីពេល បន្លាស់ទីមកនៅលើគោក ការធ្វើដំណើរបានឆាប់រហ័ស ព្រោះបានផ្លូវមួយខ្សែ ដ៏ស្អាតនេះបើប្រៀបធៀបពីការចំណាយ វិញចាក់សាំងម៉ូតូ ត្រឹមតែ១លីត្រ គឺដល់ខេត្តកំពង់ឆ្នាំងហើយខុសគ្នាឆ្ងាយណាស់ចំណេញទាំងពេលវេលានិងថវិកាហើយប្រសិនបើបងប្អូនមានជំងឺ ឬជូនស្ត្រីមានផ្ទៃពោះ ទៅកាន់មណ្ឌលសុខភាពក៏កាន់តែរហ័ស និងទាន់ពេលវេលា ផងដែរ។ បើតាមការបញ្ជាក់ ពីលោកឆាយ លាភាប្រធានមន្ទីរសាធារណៈការ នឹងដឹកជញ្ជូនខេត្តកំពង់ ឆ្នាំង បានឱ្យដឹងថា៖ផ្លូវមួយខ្យែដែលមានប្រវែងសរុប៣៦,២០០ គីឡូម៉ែត្រនេះ ជាផ្លូវលិចទឹកនៅខែវស្សា ម្លោះហើយ ខាងមន្ទីរត្រូវយកចិត្តទុកដាក់ជួសជុលថែទាំជាប្រចាំ សម្រាប់ប្រជាពលរដ្ឋក្នុងឃុំផ្លូវទួក ដែលកំពុងចាកចេញពីក្នុងទឹកមករស់នៅលើគោក ៕សុក្ខារិន