កណ្តាល ៖ ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន ត្រូវបាន ប៉ូលិសប៉ុស្តិ៍ព្រែកហូរ ឃាត់ខ្លួននាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៩និង០៥នាទីយប់ នៅចំណុចផ្លូវលំ ភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះយ៉ង អុីដា ភេទប្រុស អាយុ៣៥ឆ្នាំ ទីលំនៅភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរជាងដែក(ឃាត់ខ្លួន)។វត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកកចំនួន០២កញ្ចប់,
ម៉ូតូ០១គ្រឿងម៉ាកហុងដា សេ១២៥ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ1IQ-2338និងកាបូបដៃពណ៌ខ្មៅចំនួន០១។ ប៉ូលិសបន្តថាដំបូងកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលព្រែកហូរចេញល្បាតដល់ចំណុចកើតហេតុខាងលើឃើញជនសង្ស័យម្នាក់កំពុងតែជិះម៉ូតូដោយមានការសង្ស័យក៏ឃាត់សួរនាំនិងឆែកឆេររកឃើញថ្នាំញៀនចំនួន២កញ្ចប់ដែលជនសង្ស័យបានកាន់លាក់ទុកក្នុងដៃខាងឆ្វេងហើយបានទម្លាក់ចោលក្បែរខ្លួន,ពេលនោះកម្លាំងប៉ូលិសប៉ុស្តិ៍រាយការណ៍ជូនលោកអធិការធ្វើការឃាត់ខ្លួនយកមកប៉ុស្តិ៍ដើម្បីសួរនាំ។ នៅចំពោះមុខសមត្ថកិច្ច, ជនសង្ស័យបានឆ្លើយសារភាពថា«ថ្នាំញៀននេះពិតជារបស់ខ្លួន ដែលបានទិញពីក្មេងប្រុសម្នាក់មិនស្គាល់ឈ្មោះនៅភូមិព្រែកហូរតម្លៃ២០០០០រៀលប្រាកដមែន»។ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានបញ្ជូនមកប៉ូលិសផ្នែកជំនាញនៃអធិការដ្ឋានក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ ភាវុន