ខេត្តពោធិសាត់:នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ សម្តេចកិត្ត្តព្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាបានចាត់តាំង ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិកា សមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សាម៉េត អគ្គស្នងការរងនគរបាលជាតិ និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យរាល់ការ សាងសង់ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ សាងសង់ផ្ទះ បង្គន់អនាម័យ ខួងអណ្តូង ទឹក និងបំពាក់ប្រព័ន្ធសូឡាឱ្យបានឆាប់រហ័ស ក្នុងការផ្តល់ជូនគ្រួសារអតីតយុទ្ធជន ជាង៦០០គ្រួសារ ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់បង្កបង្កើនផលឱ្យបានឆាប់រហ័ស ខណៈរដូវវស្សាកាន់តែជិត មកដល់ហើយ ។
ឆ្លៀតឱកាសចុះត្រួតពិនិត្យ និងពន្លឿននៃការសាងសង់សំណងទាំងអស់នេះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ក៏បានជួបសំណេះសំណាលជាមួយបងប្អូននៃកងកម្លាំង និងក្រុមជាងសាងសង់ផ្ទះ និងសួរសុខទុក្ខគ្រួសារអតីតយុទ្ធជនក្រីក្រ និងមានពិការភាព ដែលបានចូលមករស់នៅក្នុងផ្ទះសាងសង់រួចជាបណ្តើរៗនេះផងដែរ ដោយការសាងសង់នេះ បានរួចជាជំហានដំបូង ចំនួន៥០ខ្នង ហើយក្នុងចំណោមជាង៦០០ខ្នងផ្ទះនោះ។
កាកបាទក្រហមកម្ពុជា និងសមាគមអតីតយុទ្ធជន រួមជាមួយគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ និងមន្ត្រីពាក់ព័ន្ធទាំងអស់ បានប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ដើម្បីពន្លឿនដំណើរការ សាងសង់និងរៀបចំ សាលារៀន មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាងសង់ផ្ទះចំនួន៦២៨ខ្នង សង់បង្គន់អនាម័យ ខួងអណ្តូងទឹក បំពាក់ប្រព័ន្ធសូឡា ឱ្យបានឆាប់រហ័ស ដើម្បីផ្តល់ជូនគ្រួសារ អតីតយុទ្ធជនដោយធ្វើយ៉ាងណាអោយបានទាន់រដូវវស្សាខាងមុខនេះផងដែរ។
ជាមួយគ្នានេះដែត កាកបាទក្រហមកម្ពុជា នឹងធ្វើពិធីប្រគល់និងទទួលផ្ទះ ចំនួន៥០ខ្នង នៅសប្តាហ៍ ទី២ ខែមិថុនាខាងមុខ ដោយប្រគល់ជូនទៅតាមកាលបរិច្ឆេទបន្តបន្ទាប់ទៀត។
ក្នុងឱកាសនោះ ក្រុមការងារកាកបាទក្រហមកម្ពុជា ក៏បាននាំយកនូវស្បៀងអាហារមួយចំនួន ប្រគល់ ជូនដល់កងកម្លាំង និងក្រុមជាងសាងសង់ផ្ទះនៅទីនោះផងដែរ។
ក្រោយទទួលបានផ្ទះ និងដីសម្រាប់បង្កបង្កើនផលនោះហើយ បងប្អូនអតីតយុទ្ធជន ដែលភាគច្រើន ជាអតីតយោធា និងនគរបាល បានសម្តែងនូវសេចក្តីត្រេកអរយ៉ាងខ្លាំង និងអគុណយ៉ាងក្រៃលែង ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយពួកគាត់បានលើកឡើងថា អំណោយរបស់ សម្តេចទាំងពីរ នេះគឺប្រៀបបានស្រង់ជីវិតរបស់ពួកគាត់ លែងលំបាកវេទនាឱ្យរស់នៅបានយ៉ាង សុខស្រួលម្តងទៀតហើយ៕ដោយ សុក្ខារិន