កណ្តាល ៖ បុរសវៀតណាមម្នាក់បានយកលុយដុល្លារក្លែងក្លាយសែនខ្មោច មកទិញទូរសព្ទត្រូវបានសម្ថកិច្ចស្រុកកៀនស្វាយឃាត់ខ្លួន នាថ្ងៃសុក្រទី០៤ ខែមិថុនា ឆ្នាំ២០២១វេលាម៉ោង៦និង៣០នាទីព្រលប់ នៅចំណុចភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សម្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះលន់ វិរៈ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរលក់ដូរ។ចំណែកជនសង្ស័យឈ្មោះង្វៀង យ៊ាំងភឺន ភេទប្រុសអាយុ៣៣ ឆ្នាំជនជាតិវៀតណាមមានទីលំនៅភូមិព្រែកទន្លាប់ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ។
វត្ថុតាងចាប់យករួមមាន ទូរសព្ទដៃ២គ្រឿង ម៉ាកiPhone.x ពណ៌សជារបស់ជនរងគ្រោះ, ម៉ាកNOKIA អិនចុចពិលពណ៌ខ្មៅ០១គ្រឿងជារបស់ជនសង្ស័យ,លុយដុល្លារ(លុយសែន)២៧៥ដុល្លារ,ក្រដាស២០ដុល្លារ១១សន្លឹក(លុយសែន),ក្រដាស១០ដុល្លារ៤សន្លឹក(លុយសែន),ក្រដាស៥ដុល្លារចំនួន០៣សន្លឹក(លុយសែន),ម៉ូតូ ០១គ្រឿង ម៉ាកSUZUKI VIVA ពណ៌ខ្មៅ-ខៀវ ពាក់ស្លាកលេខ ភ្នំពេញ1AD-7084,អត្តសញ្ញាណបណ្ណស្នាក់នៅអចិន្ត្រៃយ៍អន្តោប្រវែសជនជាតិវៀតណាមចំនួន០១សន្លឹក,បង្កាន់ដៃទទួលពាក្យរបស់នាយកដ្ឋានអន្តោប្រវេសន៍០១សន្លឹក,វិក័យបត្រទិញលក់ទូរសព្ទឈ្មោះលន់ វិរ: 168 លេខ000123ចំនួន០១សន្លឹក,បង្កាន់ដៃត្រួតពិនិត្យលេខ035396 ចំនួន០១សន្លឹកនិងកាបូបដៃ ពណ៌ខ្មៅ,សចំនួនមួយ។
សម្ថកិច្ចបន្តថា ដំបូងជនសង្ស័យបានជិះម៉ូតូមកទិញទូរសព្ទដៃ០១គ្រឿងម៉ាកiPhone.x ពណ៌ស ពីជនរងគ្រោះក្នុងតម្លៃ៣៨០ដុល្លារ(បីរយបែតសិបដុល្លារ),ពេលនោះជនសង្ស័យក៏បាននិយាយតថ្លៃទូរសព្ទជាមួយជនរងគ្រោះសល់ត្រឹមតម្លៃ៣៧៥ដុល្លារ(បីរយចិតសិបប្រាំដុល្លារ)ពេលតថ្លៃរួចជនរងគ្រោះក៏ព្រមលក់ទូរសព្ទដៃ០១គ្រឿងនោះក្នុងតម្លៃ៣៧៥ដុល្លារ។
ភ្លាមនោះជនសង្ស័យនិយាយថា «លុយមិនគ្រប់ចាំបន្តិចទៅយកលុយថែម» រួចជនសង្ស័យក៏បាន ជិះចេញទៅបាត់ ,បានមួយសន្ទះក៏បានជិះម៉ូតូត្រឡប់មកដល់វិញ ហើយក៏ព្រមទិញទូរសព្ទដៃពី ជនរងគ្រោះដោយឱ្យជនរងគ្រោះរៀបចំទូរសព្ទឱ្យខ្លួន ហើយជនរងគ្រោះរៀបចំទូរសព្ទដៃ និងសរសេរវិក័យបត្ររួចប្រគល់ឱ្យជនសង្ស័យ។
ពេលនោះជនសង្ស័យក៏បានដកលុយដុល្លារក្លែង(លុយសែន) មករៀបរួចទុកនៅលើទូលក់ទូរសព្ទ ហើយយកទូរសព្ទព្យាយាមឡើងជិះម៉ូតូចេញដើម្បីរត់គេចខ្លួន។ដោយជនរងគ្រោះមានការសង្ស័យលើលុយដុល្លារថា«ជាលុយក្លែងក្លាយ» ក៏ស្ទុះទៅឃាត់ជនសង្ស័យបាន រួចទូរសព្ទប្ដឹងដល់សម្ថកិច្ចប៉ុស្តិ៍រដ្ឋបាលដីឥដ្ឋ។
ក្រោយពីទទួលព័ត៌មានបានភ្លាមកម្លាំងសម្ថកិច្ចប៉ុស្តិ៍បានចុះដល់ចំណុចកើតហេតុ រួចយកជនសង្ស័យរួមជាមួយវត្ថុតាងមកប៉ុស្តិ៍ដើម្បីសួរនាំ។បន្ទាប់ពីសួរនាំរួចនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា«ខ្លួនពិតជាបានធ្វើសកម្មភាពដូចខាងលើប្រាកដមែន»។
បន្ទាប់ពីសួរនាំរួចជនសង្ស័យរួមនឹងវត្ថុតាងបានបញ្ចូនទៅកាន់អធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយដើម្បីបន្តនីតិវិធី៕ដោយ ភាវុន