កំពង់ធំ៖ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងសហការី បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៧៣គ្រួសារ នៅទីតាំងចំនួន៥ផ្សេងគ្នា ក្នុងស្រុកប្រាសាទសំបូរ និងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានចូលរួមសម្តែងការសោកស្តាយជាខ្លាំង ជាមួយក្រុមគ្រួសាររងគ្រោះទាំងអស់ ចំពោះមហន្តរាយធម្មជាតិ ដែលបង្កអោយមានការរបើកដំបូលនិងបង្កឲ្យមានគ្រោះថ្នាក់រហូតដល់បាត់បង់អាយុជីវិតព្រមទាំងរងរបួសជាច្រើននាក់ បង្ករដោយគ្រោះធម្មជាតិដែលមិននឹកស្មានដល់ ។ ឯកឧត្តមអភិបាលខេត្ត ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនរើសអើងឡើយ ហើយតែងបានចាត់តំណាងអោយចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះទាន់ពេលវេលា ” ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” ។
ជាមួយគ្នានេះឯកឧត្តម សុខ លូ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នអោយបានគ្រប់ៗគ្នា ក្នុងការចូលរួមទប់ស្កាត់ ការពារពីការឆ្លងនៃជំងឺកូវីដ19 ដោយត្រូវអនុវត្តវិធានការ ” ៣ការពារ ៣កុំ និង ២ចូលរួម ” ពិសេស ត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួនតាមសារណែនាំនានារបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ខ្សែចម្លង កុំអោយជម្ងឺកូវីដ-១៩ ដែលជាឃាតកគ្មានស្រមោល ដ៏កាចសាហាវនេះ ឆ្លងចូលគ្រួសារ និងសហគមន៍ យើង ។
នៅក្នុងដំណើរថ្ងៃដដែលនោះលោកជំទាវ លំគន្ធារី អភិបាលរងខេត្តកំពង់ធំ និងជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា បានអញ្ជើញបន្ដទៅសាកសួរសុខទុក្ខប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់រលំផ្ទះបណ្ដាលឲ្យបាក់ដៃដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកកំពង់ធំផងដែរ។
គួរបញ្ជាក់ថាហេតុការណ៏គ្រោះថ្នាក់ដោយខ្យល់កន្ត្រាក់ នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ១:៤០នាទី ថ្ងៃទី០២ មិថុនា ២០២១ បណ្តាលអោយររលំ របើកដំបូលក្បឿង ដំបូលសង្កសី ផ្ទះប្រជាពលរដ្ឋចំនួន ៧៣គ្រួសារ ក្នុងនោះស្រុកប្រាសាទសំបូរ ១៤គ្រួសារ និងស្រុកកំពង់ស្វាយ ចំនួន ៥៩គ្រួសារ។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនជនរងគ្រោះ ទាំង៧៣គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គក្រ មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ ឆ្នាំងចំនួន ១ គូរ ឃីត ១ ( មុង១ ភួយ១ សារុង១ ក្រមា១ ) អាវយឺត ២ តង់កៅស៊ូចំនួន១ និងថវិកាចំនួន២០០០០០រៀល។