ខេត្តកំពង់ឆ្នាំងៈ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានធ្វើការអំពាវនាវដល់ កម្មករ កម្មការិនី និង អ្នកបើកបរដឹកកម្មករ តាមបណ្តារោងចក្រទាំងអស់ ឱ្យចូលរួមបន្ថែមទៀត ដោយបង្កើនការប្រុងប្រយ័ត្នខ្ពស់ ត្រូវចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ កុំឱ្យមានការរីករាលដាលបន្តទៀត នៅក្នុងសហគមន៍ដែលខ្លួនរស់នៅ។
ការអំពាវនាវនេះកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនៅក្នុងឱកាសជួបជាមួយតំណាងកម្មករ កម្មការនី និងអ្នកបើករថយន្តដឹកកម្មករ នៅស្រុកកំពង់ត្រឡាចដើម្បីធ្វើការផ្សព្វផ្សាយសេចក្តីណែនាំរបស់រដ្ឋបាលខេត្តអំពីវិធានការនានា ដើម្បីទប់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាព។
ឯកឧត្តម អម សុភា បានបញ្ជាក់ទៀតថា ជំងឺកូវីដ-១៩គឺយើងមិនអាចដឹងថា អ្នកផ្ទុកឬក៏មិនមានទេ ព្រោះយើងមើលមិនដឹងនោះទេ ដូចនេះខាងរោងចក្រសហគ្រាស ត្រូវតែគិតពី សុខភាពរបស់កម្មករនិយោជិតក្នុងរោងចក្ររបស់ខ្លួន ។
ដោយឡែកកម្មករ កម្មការិនី ត្រូវតែថែរក្សាសុខភាពខ្លួនឯងធ្វើយ៉ាងណាកុំឱ្យកើតមានជំងឺនេះព្រោះថា ជំងឺនេះងាយឆ្លងខ្លាំងបំផុត ។ យើងត្រូវរួមគ្នាអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាល គឺធ្វើឱ្យយើងមានសុវត្ថិភាពសម្រាប់ខ្លួនឯង និង សម្រាប់ក្រុមគ្រួសារនិងមជ្ឈដ្ឋានជុំវិញខ្លួន។
ឯកឧត្តម អម សុភា បានបញ្ជាក់បន្តទៀតថា កន្លងមកនេះ នៅតាមបណ្តាលរោងចក្រគឺអនុវត្តបានល្អអំពីវិធានការអនាម័យដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ដោយឡែកចំពោះកម្មករ កម្មការិនី ពេលត្រឡប់ទៅផ្ទះគឺអនុវត្តពុំទាន់បានត្រឹមត្រូវនៅឡើយនោះទេ ដូចជាពេលជិះរថយន្តពេលសម្រាកបាយថ្ងៃត្រង់ ជាដើម ។
យោងតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត មិនអនុញ្ញាតរថយន្តដឹកកម្មករ កម្មការិនី ដឹកច្រើនរោងចក្រនោះទេ ហើយត្រូវរឹតបន្តឹងការពាក់ម៉ាស់លាងសំអាតដៃជាប្រចាំតែម្តង ។
ឯកឧត្តមបានផ្តាំផ្ញើអោយកចូលរួមអនុវត្តទាំងអស់គ្នា ទាំងកម្មករ កម្មការិនី និង អ្នកបើកបររថយន្ត ដឹកកម្មករ ត្រូវបន្តធ្វើការផ្សព្វផ្សាយ ដល់គ្រប់កម្មករ កម្មការិនី និង អ្នកបើករថយន្តផ្សេងទៀត ឱ្យចូលរួមអនុវត្តអំពីសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត ដើម្បីទប់ស្កាត់ការរីករាលដាលនៃចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍របស់ខ្លួនឱ្យមានប្រសិទ្ធភាពបំផុត ។ដោយ សុក្ខារិន