កណ្តាល ៖ បុរសម្នាក់ចំណោម២នាក់ ទើបចេញលួចម៉ូតូលើកដំបូងត្រូវបានម្ចាស់ម៉ូតូនិងអ្នកស្រុក ចាប់បានវាយទ្រមខ្លួន កាលពីថ្ងៃ០៣ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៧ព្រឹក នៅចំណុចផ្ទះជន រងគ្រោះភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះសារុន សាវ៉ាត ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិ សង្កាត់កើតហេតុ មុខរបរលក់ដូរ ។ ម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ស៊េរី២០២០ ស្លាកលេខ កណ្តាល1V-7953បែកគ្រាប់សោអស់ ជារបស់ជនរងគ្រោះ។ចំណែកជនសង្ស័យ០២នាក់រួមមាន ១-ឈ្មោះ ឃុត សំណាង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកស្នៀត ឃុំស្នាយពល ស្រុកពារាំង ខេត្កព្រៃវែង មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)និង២-ជនសង្ស័យម្នាក់ទៀត មិនស្គាល់ឈ្មោះ ភេទប្រុស (គេចខ្លួន)។វត្ថុតាងចាប់យក ដែកមុខសំប៉ែត រាង៦ជ្រុងចំនួនមួយជារបស់ជនសង្ស័យនិងកាបូបលុយពណ៍ខ្មៅចំនួនមួយ ។
ប៉ូលិសបន្តថា កាលពីវេលាកើតហេតុខាងលើ ជនរងគ្រោះបានចាក់សោកម៉ូតូរបស់ខ្លួនចតទុកមុខផ្ទះ ហើយចូលក្នុងផ្ទះបាត់ទៅ ។នៅពេលនោះក៏ស្រាប់តែឮសំឡេងដេរម៉ូតូមិនឆេះ ក៏ចេញមកមើលឃើញ ជនសង្ស័យម្នាក់ឈ្មោះឃុត សំណាង បានបណ្តើរម៉ូតូរបស់ជនរងគ្រោះចេញពីផ្ទះ បានប្រហែល១០ម៉ែត្រ ក៏ស្រែកថា«ចោរៗ»ផ្អើលអស់ប្រជាពលរដ្ឋចេញមក ដេញចាប់និងព្រួតវាយឡើងទ្រោមខ្លួន ចំណែកបក្ខពួកម្នាក់ទៀតបានជិះម៉ូតូរត់គេចខ្លួនបាត់ទៅ។
ប៉ូលិសបន្តថា តាមការសាកសួរជនសង្ស័យបានឆ្លើយសារភាពថា «ទើបតែប្រព្រឹតលើកទី១នេះទេ»។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធី ៕ភាវុន