ខេត្តកំពង់ឆ្នាំងៈ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ ដោយមានការអមដំណើរដោយ លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរ សុខាភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់រដ្ឋបាលខេត្ត ចែកជូន ដល់បងប្អូនប្រជាពលរដ្ឋ និង ក្រុមការងារប្រចាំការ នៅមណ្ឌលចត្តាឡីស័ក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។ដោយមានការអញ្ជើញចូលរួម ពីលោកហៃ មនោរម្យ អភិបាលស្រុក និង ថ្នាក់ដឹកនាំមន្រ្តីរាជការស្រុកជលគិរីផងដែរ ។ លោក ហៃ មនោរម្យ បានមានប្រសាសន៍បញ្ជាក់ ឲ្យដឹងថាៈ មណ្ឌលចត្តាឡីស័កស្រុកជលគិរីមានចំនួន២កន្លែង ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ននេះ បានទទួលប្រជាពលរដ្ឋដែលមកធ្វើចត្តា ឡីស័កបានចំនួន១១៣នាក់ ក្រោយបានធ្វើចត្តាឡីស័កតាមការកំណត់រួចមកបានចេញអស់ នៅសល់៤០នាក់ទៀត ។ ក្នុងអំឡុងធ្វើចត្តាឡីស័កនេះ បងប្អូនប្រជាពលរដ្ឋដែលមកស្នាក់នៅទីនេះ បានទទួលការជួយឧបត្ថម្ភពីរាជរដ្ឋាភិបាល លើការផ្គត់ផ្គង់លើការហូបប្រចាំថ្ងៃ ក្រៅពីនេះក៏មានសប្បុរសជននានាចូលរួមជួយឧបត្ថម្ភបន្ថែមលើកជំនួយរបស់រាជរដ្ឋាភិបាល និង អាជ្ញាធរខេត្ត និងស្រុក ។ ឯកឧត្តម អម សុភា បានមានប្រសាសន៍ថាៈ ក្នុងរយៈពេលចុងក្រោយ ខេត្តកំពង់ឆ្នាំង ក៏មានករណីវិជ្ជមានជំងឺកូវីដ-១៩ ដែលបង្ករឱ្យមានឈឺនិងស្លាប់ជាបន្តបន្ទាប់ គួឲ្យព្រួយបារម្ភផងដែរ ។ ឯកឧត្តម អម សុភា បានប្រសាសន៍បន្តថា កន្លងមកអាជ្ញាធរខេត្តកំពង់ឆ្នាំង កងកម្លាំងសមត្ថកិច្ច និង ក្រុមគ្រូពេទ្យគឺបានបំពេញបេសកកម្មយ៉ាងយកចិត្តទុកដាក់បំផុត ក្នុងការប្រឆាំង ទប់ស្កាត់និង ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយដាក់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថា្នក់ ។ ដើម្បីបញ្ចៀសការឆ្លងរីករាលដាលនៅ ក្នុងសហគមន៍ របស់ខ្លួន ដោយប្រកាន់ខ្ជាប់លាងសំអាតដៃនិងសាប៊ូ ឬ អាកុល ពាក់ម៉ាស់ គម្លាតសុវត្ថិភាព និង មិនត្រូវជួបជុំដែលមានមនុស្សច្រើននោះទេ ។ ដោយអនុវត្តជាប្រចាំនូវវិធានការរបស់ រាជរដ្ឋាភិបាលគឺ៣កុំ ៣ការពារ ។ អំណោយដែល ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង នាំយកចែកជូន នាពេលនេះមាន អង្ករ១តោន ម៉ាស់មួយកេសធំ ទឹកបរិសុទ្ធចំនួន២០កេះ និង ទឹកក្រូចចំនួន៤កេស ផងដែរ ៕ សុក្ខារិន