ខេត្តប៉ៃលិន ៖ យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តប៉ៃលិន លេខ០៦៧/២១ សសរ. ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ បានបើកឱ្យកន្លែងអាជីវកម្ម ភោគជនីយដ្ឋាន សណ្ឋាគារ និងគ្លីនិកឯកជន ដំណើរការឡើងវិញហើយ ក្រោយពីមានការជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ ១៩ ។
ប្រភពពព័ត៌មានបានឱ្យដឹងថា ៖ បន្ទាប់ពីអាជ្ញាធរខេត្ត បានបិទទ្វារមួយរយ:ពេលនូវកន្លែងអាជីវ កម្មសណ្ឋាគារ អាហាដ្ឋាន គ្លីនិកឯកជន និងដេប៉ូចែកចាយថ្នាំកសិកម្ម ដោយសារតែជាប់ពាក់ព័ន្ធនឹងករណីអ្នកជំងឺកូវីដ-១៩ រហូតមកដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ត្រូវបានគេបើកឱ្យដំណើរការឡើងវិញនូវទីតាំងអាជីវកម្មដូចជា ៖ «ហាង ធី ថាន់ កាហ្វេ» ស្ថិតនៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃ លិន, អាហារដ្ឋានមីគាវគោដុតបន្ទះដែក ស្ថិតក្នុងភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន, អាហារដ្ឋានអាម៉ីអ័យស្ទ័រ និងគ្រឿងសមុទ្រពិសេស ស្ថិតនៅក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន, ដេប៉ូចែកចាយថ្នាំកសិកម្មយីហោ ស៊ុយ ចន្នី ស្ថិតនៅភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ, ទីតាំងអាជីវកម្ម បន្ទប់ពិគ្រោះ និងព្យាបាលជំងឺ កឹម សំណាង ស្ថិតនៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន។
ប្រភពដដែលបញ្ជាក់ថា ក្នុងការអនុញ្ញាតឱ្យដំណើរការឡើងវិញ រដ្ឋបាលក្រុង ត្រូវដឹកនាំការអនុ វត្តវិធានការសុខាភិបាល និងវិធានការរដ្ឋាបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ ១៩ ដោយ ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ លើការពង្រឹងវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ជាពិ សេសវិធានការ «៣ការពារ ៣កុំ» និងការអនុវត្តការផាកពិន័យអន្តរការណ៍ ចំពោះបុគ្គលណា ដែលមិនគោរពដោយចេតនា នូវវិធានការរដ្ឋបាល ដែលរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តប៉ៃលិន បានដាក់ចេញដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀតឡើយ ។
នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងប៉ៃលិន ប្រធានមន្ទីរសុខាភិបាលខេត្ត រដ្ឋបាលក្រុង និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តសេចក្តីសម្រេចនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីអភិបាលខេត្ត ចុះហត្ថលេខាតទៅ ៕ ដោយ ៖ នីយ៉ា