ព្រះវិហារៈ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្ដម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានអញ្ជើញចុះសួរសុខទុក្ខ និងប្រជុំដាក់ផែនការដល់ អង្គភាពផ្នែកសឹករងជាំក្សាន្ត ក៍ដូចអង្គភាពទទួលទឹសបុស្សស្បូវ ព្រំដែនកម្ពុជា ថៃ។
ក្នុងដំណើរចុះសួរសុខទុក្ខដល់នាយទាហាន ពលទាហាន ក្នុងឱកាសនោះដែរ ឯកឧត្តម មេបញ្ជាការ បានប្រជុំដាក់ផែនការថ្មីៗដល់អង្គភាពទទួលខុសត្រូវ និងស្តាប់នូវសេចក្តីរាយការណ៍របស់ លោកមេបញ្ជាការរងតំបន់សឹក ប្រចាំទិសបុស្សស្បូវ និងលោកមេបញ្ជាការផ្នែកសឹករងជាំក្សាន្ត បានរាយការណ៍ជូនឯកឧត្ដមមេបញ្ជាការ ដូចជាសភាពការណ៍ទូទៅ និងការងារទំនាក់ទំនង ជាមួយប្រទេសជិតខាង ការងារកសាងអង្គភាព ការងារបង្កបង្កើនផល ព្រមទាំងការចូលរួមទប់ស្កាត់ និងវិធានការការពារមិនអោយឆ្លងជំងឺកូវីត១៩ ។ ក្រោយពីបានស្តាប់នូវសេចក្តីរាយការណ៍ របស់លោក មេបញ្ជាការផ្នែកសឹករង និងមតិចូលរួមរបស់ នាយទាហាន រួចមក ឯកឧត្ដម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានកោតសរសើរ យ៉ាងយ៉ាងក្រៃលែង ចំពោះលទ្ធផលដែល អង្គភាពនិមួយៗ សម្រេចបានទៅតាមផែនការដែល បានដាក់ចុះ ក៏ដូចជាការចង្អុលបង្ហាញពី សំណាក់របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ប្រមុខដឹកនាំ ក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងគោក យោធភូមិភាគ៤ គណៈបញ្ជាការឯកភាព ខេត្តព្រះវិហារផងដែរ ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម មេបញ្ជាការ បានបញ្ជាក់បន្ថែមទៀតថា ការកសាងអង្គភាពដូចជាការរៀបចំប្រព័ន្ធ លេណដ្ឋានការពារតាមបណ្តាគោលដៅបានរហូតទៅដល់ ៣៩លេណដ្ឋាន នេះជាការខិតខំប្រឹង ប្រែងរបស់បងប្អូននាយទាហាន ពលទាហានចំណុះអង្គភាព ទីបញ្ជាការ និងដោយសាការចូល រួមរបស់នាយទាហាន ពលទាហាន យើងទាំងអស់គ្នា ទោះបីមិនទាន់ឆ្លើយតបទៅនឹងតម្រូវការ ក្នុងផែនការកន្លងមកក៏ដោយ ។ ក្នុងការសំណេះសំណាលសួសុខទុកនោះដែរ ឯកឧត្ដម មេបញ្ជាការ បានឧបត្ថម្ភថវិកាចំនួន ៥០ម៉ឺនរៀល ថ្នាំពេទ្យ ថ្នាំដុសធ្មេញ និងពីដុងទឹក៣០លីត្រសម្រាប់ដាក់ ទឹកប្រើប្រាស់ ក្នុងអង្គភាពផងដែរ ។ ក្រោយពីបញ្ចប់កិច្ចប្រជុំ និងសំណេះសំណាលដល់នាយទាហាន ពលទាហានរួចមក ឯកឧត្ដម មេបញ្ជាការ បានបន្តចុះត្រួតពិនិត្យមើលការងារកសាងអង្គភាព និងជីវភាពរស់នៅរបស់បងប្អូនគ្រួសារទ័ព តាមបណ្តាចំណុចឈរជើងមួយចំនួន ផងដែរ៕ដោយ សេង ពិសិដ្ឋ