ភ្នំពេញ:នាយ ទាហាន ជាន់ ខ្ពស់ ក្រុមការងារ ប្រតិបត្តិការចម្រុះ កម្ពុជា-ថៃ.ថៃ-កម្ពុជា បានបើកកិច្ច ប្រជុំលើកទី៥ ដើម្បីពិភាក្សាកិច្ចការមួយចំនួនដែលពាក់ព័ន្ធដល់កិច្ចសហប្រតិបត្តិការ ផ្នែកអប់រំ និងហ្វឹកហ្វឺន, ការផ្លាស់ប្តូរទស្សនកិច្ចរវាងកងយោធពលខេមរភូមិន្ទ និង កងទ័ពភូមិន្ទថៃ, កិច្ចសហប្រតិបត្តិការរក្សាសន្តិភាព, កិច្ចសហប្រតិបត្តិការរវាងគ្រប់ប្រភេទទ័ព និង យន្តការកិច្ចប្រជុំ ថ្នាក់ដឹកនាំជាន់ខ្ពស់រវាងអគ្គមេបញ្ជាការកងទ័ពប្រទេសទាំងពីរ ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តិធ្វើ ឡើងតាមប្រព័ន្ធវីដេអូ ខុនហ្វឺរិន នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ ដោយភាគីកម្ពុជា ដឹកនាំកិច្ចប្រជុំដោយ ឧត្តមសេនីយ៍ទោ ប៉ែន សុក្រិត្យវិទ្យា នាយលេខាធិការដ្ឋានសេនាធិការចម្រុះ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ រួមនឹងសមាជិកនាយទាហានជាន់ខ្ពស់ មកពីគ្រប់ ស្ថាប័នពាក់ព័ន្ធកងទ័ពទាំងបីប្រភេទ ក្នុងកងយោធពលខេមរៈភូមិន្ទ ព្រមទាំងមានការចូលរួម ពីសំណាក់សេនាព័ន្ធយោធាតំណាងកងទ័ពទាំងបីប្រភេទរបស់កងទ័ពភូមិន្ទថៃប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ ។ រីឯភាគីកងទ័ពភូមិន្ទថៃដឹកនាំដោយឧត្តមសេនីយ៍ឯក ឈីតចាណុក នូចាយ៉ា ( Chijjanok Nuchaya ) នាយកប្រតិបត្តិការចម្រុះកងទ័ពភូមិន្ទថៃ រួមនឹងសមាជិក ជាច្រើនរូប ។ ជាកិច្ចចាប់ផ្ដើមបើកកិច្ចប្រជុំនាពេលនោះ ឧត្តមសេនីយ៍ទោ ប៉ែន សុក្រិត្យវិទ្យា ក្នុងនាមសហប្រធាននៃកិច្ចប្រជុំក្រុមការងារប្រតិបត្តិការចម្រុះកម្ពុជា.ថៃ.ថៃ.កម្ពុជា ភាគីកម្ពុជា បានថ្លែងនូវអំណរគុណជ្រាលជ្រៅចំពោះកងទ័ពភូមិន្ទថៃដែលបានរៀបចំកិច្ចប្រជុំនេះឡើង តាមរយៈវីដេអូខុនហ្វឺរិន ប្រព្រឹត្តទៅប្រកបដោយភាពរលូននិងជោគជ័យ ។ តាមរយៈកិច្ចប្រជុំ អេស.អេស.ធី.៥នៅថ្ងៃនេះយើងបានពិភាក្សាអំពីខ្លឹមសារមួយចំនួនដូចជា÷កិច្ចសហប្រតិបត្តិការ ការងារអប់រំនិងហ្វឹកហ្វឺន.ការផ្លាស់ប្ដូរទស្សនកិច្ចពីគ្នាទៅវិញទៅមករវាងកងទ័ពទាំងពីរ.កិច្ចសហប្រតិបត្តិការរក្សាសន្តិភាព.កម្មវិធីហ្វឹកហ្វឺនកសិកម្ម.កិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ព.យន្តការកិច្ចប្រជុំ ថ្នាក់ដឹកនាំជាន់ខ្ពស់.កិច្ចសហប្រតិបត្តិការណ៍ដោះមីន.នឹងខ្លឹមសារផ្សេងៗ ដែលពាក់ព័ន្ធទៅលើ កិច្ចការមនុស្សធ៌មក្នុងសកម្មភាពសង្គ្រោះគ្រោះមហន្តរាយ ការចូលរួមសហប្រតិបត្តិការទប់ស្កាត់ និងបង្រាបបទល្មើសនៃការជួញដូរគ្រឿងញៀនឆ្លងដែន និងការជួញដូរមនុស្សឆ្លងដែនខុសច្បាប់ ។ តាមរយៈនៃកិច្ចប្រជុំលើកនេះ ឧត្តមសេនីយ៍ទោ ប៉ែន សុក្រិត្យវិទ្យា ប្រធានកិច្ចប្រជុំភាគីកងទ័ពកម្ពុជា សង្ឃឹមយ៉ាងមាំថា លទ្ធផលនៃកិច្ចប្រជុំ អេស អេស ធី ៥ តាមរយៈវីដេអូ ខុនហ្វឺរិន នៅថ្ងៃនេះ គឺជាផ្លែផ្កាដ៏ប្រសើរនិងជាធាតុចូលយ៉ាងសំខាន់ដល់ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទំនាក់ទំនងនៃការរឹតចំណងសាមគ្គីភាព មិត្តភាព រវាងកងទ័ពប្រទេសយើងទាំងពីរបានកាន់តែប្រសើរ ។ ពាក់ព័ន្ធដល់ការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ថៃ និងនៅតាមបណ្ដាព្រំដែនរវាងប្រទេសយើងទាំងពីរ កម្ពុជា ថៃ កងយោធពលខេមរៈភូមិន្ទ បានសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ពិសេសកងការពារ ព្រំដែននៃប្រទេសទាំងពីរ ក្នុងការចូលរួមទប់ស្កាត់ការឆ្លងដែនដោយខុសច្បាប់ ពីកម្ពុជាចូលប្រទេសថៃ និងពីប្រទេសថៃចូលមកកម្ពុជា បានយ៉ាងល្អ មិនមានបញ្ហាអ្វី កើតឡើងដែលធ្វើឲ្យមានភាពស្មុគស្មាញឡើយ ។ ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ឈីតចាណុក នូចាយ៉ា ក៏បានសំដែងការអបអរសាទរ ចំពោះទំនាក់ទំនងផ្នែកសេនាធិការជាន់ខ្ពស់រវាងកងទ័ពថៃ និងកងទ័ពប្រទេសកម្ពុជាលើកទី ៥ នៅក្នុងថ្ងៃនេះ បើទោះបីកិច្ចប្រជុំនេះធ្វើឡើងតាមរយៈប្រព័ន្ធ VTC ក៏ដោយក៍កិច្ចប្រជុំនេះ នៅតែប្រព្រឹត្តទៅដោយរលូនពោរពេញទៅដោយបរិយាកាសមិត្តភាព ដែលនឹងឈានទៅរកកិច្ចសហការប្រតិបត្តិការដ៏ល្អប្រសើរប្រកបដោយចីរភាព ។ ឧត្តមសេនីយ៍ឯក ឈីតចាណុក នូចាយ៉ា ក៏បានសង្កត់ធ្ងន់ថា តាមរយៈនៃរបៀបវារ: កិច្ចប្រជុំដែលយើងបាន ជជែកគ្នាលើកនេះ នឹងទទួលបានការសម្រេចពីថ្នាក់ដឹកនាំជាន់ខ្ពស់ ហើយនឹងមានការអនុវត្តជាផ្លែផ្កា ដើម្បីជាអត្ថប្រយោជន៍នៃការបង្កើនកិច្ចសហប្រតិបត្តិការរវាងគ្នានឹងគ្នាកាន់តែប្រសើរឡើងនៅថ្ងៃអនាគត ក្រោមឆ័ត្រមិត្តភាព និងការយោគយល់គ្នា ។ គួររំលឹកថា នេះគឺជាកិច្ចប្រជុំលើកទី ៥ ហើយ ដែលភាគីទាំងពីរបានជួបប្រជុំគ្នា រៀងរាល់មួយឆ្នាំម្ដង តាមរយៈនៃការផ្លាស់ប្ដូរវេនគ្នា ធ្វើជាម្ចាស់ផ្ទះ ។ ប៉ុន្តែដោយសារស្ថានភាពនៃការរីករាលដាលនៃជំងឺឆ្លងជាសកល កូវីត១៩ បានធ្វើឱ្យកិច្ចប្រជុំនេះ ដែលធ្លាប់តែផ្លាស់ប្ដូរគ្នាក្នុងមួយឆ្នាំម្ដងនោះ ត្រូវបានអាក់ខាន ហើយបានឯកភាពគ្នា រៀបចំកិច្ចប្រជុំនេះ នៅប្រទេសរាងៗខ្លួន តាមរយៈវីដេអូ ខុនហ្វឺរិន វិញ ដើម្បីពិភាក្សាផ្លាស់ប្តូរ យោបល់គ្នារាល់បញ្ហានានា ដែលកើតមានឡើងតាមបណ្ដោយព្រំដែន រវាងប្រទេសទាំងពីរ ក្នុងរិះរកនៅចំណុចល្អៗ ដើម្បីរួមគ្នាដោះស្រាយដោយសន្តិវិធី និងការយោគយល់គ្នា ក្នុងនាមជាប្រទេសភូមិផងជាប់គ្នា ដូចបងប្អូន ។ សហប្រធាននៃកិច្ចប្រជុំទាំងពីរកម្ពុជា ថៃ .ថៃនិងកម្ពុជា ក៏បានឯកភាពគ្នាថា រាល់កំណត់ហេតុនៃកិច្ចប្រជុំ ដែលបានចុះហត្ថលេខា នៅថ្ងៃនេះនិងដាក់ជូនថ្នាក់ដឹកនាំ អគ្គមេបញ្ជាការ និងសេនាធិការចំរុះ កងទ័ពទាំងពីរដើម្បីស្នើ សុំយោបល់ឯកភាព ។