កំពង់ធំ៖ អាជ្ញាធរភូមិ និងប្រជាពលរដ្ឋភូមិគ្រួស ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ស្នើរដល់មន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ រក្សាទុកដីអូរធម្មជាតិពីបុរាណ ស្ថិតនៅតំបន់ត្រគួន ទុកជាទ្រព្យសម្បត្តិសាធារណៈសម្រាប់ប្រជាពលរដ្ឋអាស្រ័យផល។
អាជ្ញាធរភូមិ និងប្រជាពលរដ្ឋនៅភូមិគ្រួស ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ មានគោលបំណងរួមគ្នារក្សាទុកអូរធម្មជាតិបុរាណ ដែលមានតាំងពីដូនតាមក ស្ថិតនៅតំបន់ត្រគួន ភូមិគ្រួស ជាសម្បត្តិសាធារណៈ។ ទន្ទឹមនេះ លោក ស្រី ឈៀក មេភូមិគ្រួស និងលោក ហ៊ុន សឿន នាយកប៉ុស្តិ៍នគបាលរដ្ឋបាលឃុំដូង រួមជាមួយប្រជាពលរដ្ឋនៅភូមិគ្រួសលើកឡើងព្រមគ្នាថា ការជីកកាយដីអូរ ព្រៃឬស្សីសងខាងមាត់អូរត្រគួន នេះពួកគាត់ពុំបានដឹងនោះទេ និងពុំដែលមានបុគ្គលណាមកស្នើរសុំជីកស្រះលើអូរធម្មជាតិនោះដែរ។ លោកមេភូមិគ្រួស និង លោកនាយកប៉ុស្តិ៍នគបាលរដ្ឋបាលឃុំដូង បន្ថែមថាការផ្ទុះឡើង សកម្មភាពនាំគ្នាមកមើលទីតាំងចំណុចអូរត្រកួន នេះ ក្រោយពីមានប្រជាពលរដ្ឋនៅក្នុងភូមិគ្រួសចំនួន ៣នាក់ ជាប់បណ្តឹងរបស់ឈ្មោះ កាំង ប៊ុនសូវ មានទីលំនៅស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ ប្តឹងទៅកាន់កងរាជអាវុធហត្ថខេត្តកំពង់ធំ ពីបទ “លួចបូមស្រះ” និងត្រូវបានកោះហៅបំភ្លឺកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ។ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ លើកឡើងថា តំបន់អូរត្រកួន គឺជាអូរធម្មជាតិ មានតាំងពីបុរាណមក មិនធ្លាប់មានអ្នកណាម្នាក់មកកាន់កាប់ធ្វើជាកម្មសិទ្ធិនោះទេ! អូរនេះ មានប្រភពមកពីភូមិសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក រហូតដល់តំបន់កែងគោល ស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាតំបន់ប្រជាពលរដ្ឋអាស្រ័យផលរកត្រីជាលក្ខណៈគ្រួសារគ្រប់គ្នា និងជាកន្លែងសម្រាប់គោ ក្របី ផឹកទឹកផងដែរ។ អាជ្ញាធរ និងប្រជាពលរដ្ឋស្នើរដល់អាជ្ញាធរស្រុកប្រាសាទបល្ល័ង្ក អាជ្ញាធរខេត្ត និងមន្រ្តីជំនាញគ្រប់លំដាប់ថ្នាក់ ចុះពិនិត្យ និងរក្សាទុកអូរធម្មជាតិជាទ្រព្យសម្បត្តិ សាធារណៈសម្រាប់ជាប្រយោជន៍រួមវិញ។ ជាមួយគ្នានេះផងដែរ លោក មឿន ចាន់ថា នាយកសង្កាត់ជលផលប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បញ្ជាក់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ដែរថា តាមចុះសាកសួរពីប្រជាពលរដ្ឋនៅមូលដ្ឋាន និងការពិនិត្យជាស្តែងឃើញថា ចំណុចត្រកួន នេះពិតជាអូរធម្មជាតិពិតមែន! បន្ទប់ពីរូបលោកចុះពិនិត្យនេះរួច រូបលោកធ្វើរបាយការណ៍ជូនលោកអភិបាលស្រុកប្រាសាទបល្ល័ង្ក និងលោកនាយខ័ណ្ឌជលផល សើ្នរសុំពិនិត្យបន្ថែម និងសម្រេច។ លោកនាយសង្កាត់បន្ថែមថា រាល់សកម្មភាពកាន់កាប់ ជីកដីអូរ ជីកស្រះ កាប់ឆ្ការឈូសឆាយព្រៃរនាម ដោយគ្មានការអនុញ្ញាត្តិ ស្នើរសុំតាមនីវិធីច្បាប់ នោះនឹងត្រូវធ្វើការផាកពិន័យតាមច្បាប់ជាធរមាន។សហការី