ខេត្តកណ្តាល៖ព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្ត ដឹកនាំដោយលោកស្រី ខុន លក្ខិណា សមាជិកាគណៈកម្មាធិការសាខា តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយ អគ្គិភ័យឆេះផ្ទះ ចំនួន ៣គ្រួសារ នៅឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
មានមតិសំណេះសំណាលនាឱកាសនោះ លោកស្រី ខុន លក្ខិណា បានពាំនាំនូវការផ្ដាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងក្តីអាណិតអាសូរជាទីបំផុត ។ លោកស្រីបានបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខ របស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីនៅថ្នាក់ មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសុខទុក្ខដល់ ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ ។ ទន្ទឹមនឹងនោះលោកស្រី ខុន លក្ខិណា ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នចំពោះបញ្ហាខ្សែភ្លើងចាស់ៗ ភ្លើងទាន ធូប ដែលអាចបង្កជាអគ្គីភ័យផ្សេងៗ ធ្វើឱ្យយើងបាត់បង់នូវទ្រព្យសម្បត្តិរបស់ខ្លួន។ ជាងនេះទៀតសូមបងប្អូនប្រជាពលរដ្ឋ អនុវត្តឱ្យបានខ្ជាប់ខ្ជួន នៅវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ នាយករដ្ឋមន្ត្រី រួមមាន ៣ការពារ ៣កុំ សំដៅរួមគ្នាបង្ការ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ មានអគ្គីភ័យមួយបានឆាបឆេះ បណ្ដាលមកពីការផ្ទុះស៊េខ្សែភ្លើង ធ្វើអោយឆេះផ្ទះរបស់ប្រជាពលរដ្ឋចំនួន០៣គ្រួសារ អស់ទាំងស្រុង នៅចំណុចស្ពានទី៤បណ្តោយផ្លូវជាតិលេខ២១ ក្នុងភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។អំណោយដែលសាខាបានផ្ដល់ជូនក្នុង ១គ្រួសារមាន ៖ អង្ករ ៥០គីឡូក្រាម ,មី ១កេស ,ត្រីខ ១០កំប៉ុង ,ទឹកសុទ្ធ ១កេស ,ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ , ឃីត ១កញ្ចប់ ,ប្រេងឆា ១ដប ,ម៉ាស ១០បន្ទះ ,អាល់កុល ១ដប អាវយឺត៥ កៅស៊ូតង់១ និងថវិកា៥០ម៉ឺនរៀល ៕ភាវុន