កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន អះអាង ថា បច្ចុប្បន្ន នេះ សម្រាប់ ខេត្តកំពង់ចាម មានកម្មករ កម្មការិនី ប្រមាណ ជាង៨០០នាក់ វិជ្ជមាន កូវីដ -១៩ និងបានធ្វើ ចត្តាឡីស័ក ជាច្រើននាក់ ទោះជា យ៉ាងនេះក្តីយើង នៅ តែ មានភាព ជាម្ចាស់ ការអាចគ្រប់គ្រង បាន ដោយ មាន កិច្ចសហការ គ្នា យ៉ាង ជិតស្និទ្ធ រវាង អាជ្ញាធរ ថ្នាក់ មូលដ្ឋាន និង អាជ្ញាធរ ខេត្ត ការថ្លែងយ៉ាងដូច្នេះក្នុងឱកាសនាំយកអំណោយ ចែកជូនប្រជាពលរដ្ឋ ជួបការខ្វះខាត ដោយ វិបត្តិ កូវីដ -១៩ ចំនួន ១៥០០ គ្រួសារ នៅក្នុងឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពី ព្រឹក ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២១ ។
ក្នុង ឱកាស នោះ ដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ផ្ដើមចេញពីបុគ្គលម្នាក់ៗ បើយើងចេះការពារខ្លួនឯង កុំឲ្យមានការឆ្លងជំងឺ កូវីដ-១៩ គឺចាត់ទុក ជា បុគ្គល នោះបានការពារ សុវត្ថិភាព ដល់ក្រុមគ្រួសារ របស់ ខ្លួន ទាំងមូល និងឈានទៅដល់ការពារ ដល់សហគមន៍ ទាំងមូលមិនឲ្យមានការឆ្លងជំងឺ ដ៏ កាច សាហាវ នេះ ដូច្នេះយើង ត្រូវ ទាមទារ ឲ្យ ប្រជាពលរដ្ឋ មានការចូលរួម ទាំងអស់ គ្នា ។
ជាមួយគ្នា នោះ ឯកឧត្ដមអភិបាលខេត្ត ក៏បាន អំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋ ឲ្យ អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ ៣កុំ» និងត្រូវកែប្រែ ទម្លាប់នៃការរស់នៅ សម្របទៅតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និង សហគមន៍ជៀសផុតពីជំងឺ ឆ្លងដ៏ កាច សាហាវ នេះ ។
គួរបញ្ជាក់ថា អំណោយរបស់ ឯកឧត្ដម សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋនាឱកាសនោះ ក្នុង ១គ្រួសារទទួលបាន អង្ករ ២០គីឡូក្រាម និងត្រីខ ១០កំប៉ុង ដែល ត្រូវ ចែក ផ្ទាល់ ចំនួន ៦០គ្រួសារ ក្រៅពី នោះ អាជ្ញាធរ មូលដ្ឋានត្រូវ ចែកបន្ត រហូត គ្រប់ ចំនួន ១៥០០គ្រួសារ ដែល សរុប អង្ករអស់ ចំនួន ៣០តោន និង ត្រីខ ១៥០០យូរ ផងដែរ ៕

