កំពង់ធំ៖ឯកត្តមជា អឿង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកប្រាសាទបល្ល័ង្ក បានបន្តក្រើនរំលឹកដល់មន្ត្រីគណបក្សឃុំទាំងអស់ ត្រូវបំរើពលរដ្ឋឲ្យអស់កម្លាំងកាយចិត្ត និងឲ្យពលរដ្ឋមានទំនុកចិត្ត ដើម្បីការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ ទទួលបានជោគជ័យ។
ការក្រើនរំលឹករបស់ ឯកឧត្តម ជា អឿង ក្នុងឱកាសលោកដឹកនាំប្រជុំប្រកាសកែសម្រួល សមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកនិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ។ ក្នុងពិធីនេះមានការចូលរួមពីមន្ត្រីសមាជិក សមាជិកាគណបក្សពាក់ព័ន្ធ ឃុំ ប្រមាណ៤០នាក់ ដែលរៀបចំឡើងស្នាក់ការបក្សស្រុកប្រាសាទបល្ល័ង្ក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២១។
ក្នុងពិធីជួបសំណេះសំណាលនោះ លោក ជា អឿង បានឆ្លៀតឱកាសពាំនាំមកនូវការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចពញ្ញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណប្រជាជនកម្ពុជាដល់មន្ត្រីគណបក្សឃុំទាំងអស់រហូតមកដល់សព្វថ្ងៃនេះ សម្តេចទាំងពីរ បានដឹកនាំគណបក្ស និងប្រទេសជាតិឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍន៍ លើគ្រប់វិស័យ។ជាមួយគ្នានេះដែរលោកក៏បានក្រើនរំលឹកដល់មន្ត្រីគណបក្សឃុំទាំងអស់ត្រូវខិតខំថែទាំសុខភាពដើម្បីត្រៀមចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងឆ្នាំ២០២២ និងបោះឆ្នោតជ្រើស រើសតំណាងរាស្ត្រក្នុងឆ្នាំ២០២៣ខាងមុខធ្វើយ៉ាងណាអោយ ទទួលបានជោគ ជ័យនិងត្រូវខិតខំបំពេញតួនាទីភារៈកិច្ច តាមគោលការណ៍របស់គណបក្សក្នុងការបំរើ ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ឲ្យបានប្រសើរ និងរក្សាសន្តិសុខសុវត្តិភាពជូនប្រជាពលរដ្ឋ ពិសេសត្រូវតាមដានអោយ បានដិតដល់ចំពោះ អ្នកចំណាកស្រុកដែលត្រឡប់មកលំនៅដ្ឋានវិញ ប្រសិនបើមានការសង្ស័យ សូមរាយការណ៍ទៅកាន់អាជ្ញាធរឬមន្ត្រីជំនាញពាក់ព័ន្ធដើម្បីចុះមកពិនិត្យ និងធ្វើតេស្តរកមេរោគ កូវីដ១៩ ជៀសវាងការចម្លងជំងឺដ៏កាចសាហាវនេះចូលក្នុងសហគមន៍។
ជាមួយគ្នានេះដែរលោកបានជំរុញដល់ក្រុមការងារទាំងអស់ត្រូវខិតខំផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជានិងសមទ្ធិផលថ្មីៗជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដោយមានភាពជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា។លោកបានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានឲ្យធ្វើអំពើល្អជាគម្រូល្អដល់ប្រជាពលរដ្ឋដើម្បីឲ្យប្រជាពលរដ្ឋជឿទុកចិត្តមកលើអាជ្ញាធរមូលដ្ឋានរបស់ខ្លួនដោយមិនប្រកាន់និន្នាការនិយោបាយ ជាតិសាសន៍ ពណ៌សម្បូរនោះឡើយ៕លោក ជា អឿង ក៏បានជំរុញដល់អាជ្ញាធរស្រុកត្រូវ ប្រមូល និងស្រង់ស្ថិតិចំនួនពលរដ្ឋដែលមានបញ្ហាក្នុងការធ្វើអត្តសញ្ញាប័ណ្ណទាំងអស់ទាំងអ្នកមិនបានធ្វើឬអ្នកធ្វើហើយយឺតយ៉ាវនិងអ្នកបានទទួលហើយខុសឈ្មោះ ខុសថ្ងៃ ខែ ឆ្នាំ ឲ្យបានច្បាស់លាស់ដើម្បី អោយមន្ត្រីជំនាញពិនិត្យដោះស្រាយពន្លឿនជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័សដើម្បីយកទៅប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រខាងមុខនេះ។

