កងកម្លាំងកម្ពុជា និងថៃ នៅតែប្តេជ្ញារួមគ្នាបន្ត ទប់ស្កាត់បង្ក្រាបរាល់បទល្មើសដែលលបលួច ឆ្លងដែនខុសច្បាប់!

ព្រះវិហារ៖ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ និងលោកវរសេនីយ៍ឯក ប៊ុន សឺម ប៊ុនបំរុង មេបញ្ជាការរង វរសេនាធំលេខ៦ថៃ បានប្តេជ្ញារួម គ្នាបន្តក្នុងការបង្ក្រាប និងទប់ស្កាត់រាល់បទល្មើសដែលលបលួច ឆ្លងដែនដោយខុសច្បាប់។ ពិសេសបទល្មើសឆ្លងដែនដោយខុសច្បាប់ របស់បងប្អូនពលរដ្ឋលួចឆ្លងដែនចូលទៅ រកកាប់ឈើប្រណិតក្នុងទឹកដីថៃ។

ការប្តេជ្ញារួមគ្នានេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយកាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រជួរមុខតំបន់ភ្នំតាថាវ។ ក្រោមវត្តមានអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ ផាត់ សុផេន មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ ប្រធានទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ។ កិច្ចប្រជុំនេះ កម្ពុជាបានស្នើទៅកាន់ភាគីថៃ មួយចំនួនរួមមាន៖

រួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩តាមព្រំដែន។

មិនត្រូវធ្វើអ្វីថ្មីនៅចំណុចដែលមិនទាន់បានកំណត់។

រួមគ្នាទប់ស្កាត់ការលួចឆ្លងដែន និងកាប់ព្រៃឈើខុសច្បាប់។ និងការណាត់ជួបគ្នាឡើងវិញក្នុងរយ:ពេល១ខែម្តង។

ចំពោះសំណើកម្ពុជា ភាគីថៃបានធ្វើការឯកភាព និងសំណូមពរមកកម្ពុជាវិញ។ ដោយស្នើឲ្យកម្ពុជាត្រូវមានការទំនាក់ទំនងគ្នាដើរល្បាតរួមគ្នានៅតាមគោលដៅ និងជួយទប់ស្កាត់ការឆ្លងដែនរបស់ពលរដ្ឋកំឲ្យចូលមករកកាប់ឈើដោយខុសច្បាប់នៅក្នុងទឹកដីថៃ។

ជាមួយគ្នានេះលោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ បានធ្វើការស្នើសុំ ការយោគយល់ពីសំណាក់ថ្នាក់ដឹកនាំ ក៏ដូចជាអាជ្ញាធរថៃ កុំមានការបាញ់សម្លាប់។

សូមបញ្ជាក់ថា គោលបំណងសំខាន់ក្នុងកិច្ចប្រជុំនេះ គឺបង្កើនកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀត រវាងកងកម្លាំងឈរជើងជួរមុខ ដើម្បីរក្សាបានសុខសន្តិភាព និងការអភិវឌ្ឍន៍ ព្រមទាំងការរស់នៅប្រកបដោយភាពសុខសាន្ត របស់ប្រជាជន នៃប្រទេសទាំងពីរ ឈរលើគោលការណ៍ដោះស្រាយគ្នាដោយសន្តិវិធី ជៀសវាងការប្រឈមមុខដាក់គ្នាដោយកម្លាំង ប្រដាប់អាវុធ។ បន្ថែមពីនោះ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន បានធ្វើការក្រើនរំលឹកទៅដល់គ្រប់ បណ្តាអង្គភាពទាំងអស់ ដែលកំពុងបំពេញភារកិច្ច ក្នុងកិច្ចការពារ នៅតាមគោលដៅខ្សែ ត្រៀមជួរមុខព្រំដែនកម្ពុជា-ថៃ នៅតែប្តេជ្ញាចិត្តខ្ពស់ខិតខំប្រឹងប្រែងបន្ត ក្នុងការការពារ គ្រប់គ្រងបានយ៉ាងរឹងមាំ ដោយឈរលើស្មារតីប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់។ ពិសេសបង្កើនការចេញដើរល្បាតបានជាប់ជាប្រចាំ ទោះបីជាសភាពការណ៍ព្រំដែន មានសភាពស្ងប់ស្ងាត់ជាធម្មតាក្តី យើងក៏នៅតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច៕ដោយ សេង ពិសិដ្ឋ

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *