កណ្តាល ៖ ផ្ទះសង់អំពីឈើលើថ្មក្រោមចំនួន៣ខ្នងត្រូវបានភ្លើងឆាបឆេះអស់ទាំងស្រុង ខណៈផ្ទះ១ខ្នងទៀតឆេះអស់មួយចំហៀងត្រូវរថយន្តពន្លត់អគ្គីភ័យបាញ់ទឹកអន្តរាគមន៍ភ្លាមៗ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី២៨ ឧសភា ២០២១ នៅក្នុងភូមិព្រែកស្នាយ ម្តុំផ្ទះលក់ឆៃប៉ូវឆ្ងាញ់ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល បណ្តាលមកពីទុស្សេចរន្តអគ្គិសនី។
តាមសាក្សីបានឱ្យដឹងថា ដំបូងគេឮសម្លេងផ្ទុះដូចបែកកង់ឡាន ហើយបន្តក្រោយមកក៏មានអណ្តាតភ្លើងឆាបឆេះចេញពីផ្ទះរបស់ឈ្មោះ វ័យ សយ ភេទស្រី រួចបន្តឆេះទៅផ្ទះឈ្មោះ រុំ ផូ និងផ្ទះទី៣ ឈ្មោះ តា ទូច ហើយបន្តឆេះដល់ផ្ទះទី៤ ជាកម្មសិទ្ធិរបស់ឈ្មោះ សន សាវ៉ាង ភេទស្រី ឆេះអស់មួយចំហៀង ហើយការឆេះនេះដេញពីត្បូងទៅជើង។ ផ្ទះទាំងអស់សុទ្ធតែសង់អំពីឈើលើថ្មខាងក្រោម និងមានទំហំប្រហាក់ប្រហែលគ្នាពីទទឹង៦,៥ម៉ែត្រនិងបណ្តោយ៩ម៉ែត្រ ។
នាឱកាសនោះលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការប៉ូលិសខេត្តកណ្តាល បានដឹកនាំកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ដោយផ្ទាល់ បានបញ្ជាឱ្យចេញរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាន៣គ្រឿងចេញអន្តរាគមន៍ភ្លាមៗ ហើយក្នុងនោះខាងកងអង្គរក្សសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានចេញរថយន្តពន្លត់អគ្គីភ័យចំនួន៣គ្រឿង ជួយបាញ់ពន្លត់ជាបន្តបន្ទាប់គ្នា ដោយបានប្រើពេលប្រមាណ៤៥នាទី ទើបគ្រប់គ្រងសភាពការណ៍បាន និងរលត់ទាំងស្រុង។
តាមការសាកសួរព័ត៌មានជាបឋម គឺអាចបណ្តាលមកពីឆ្លងចរន្តអគ្គីសនី ហើយមកដល់ពេលនេះ សមត្ថកិច្ចមិនទាន់អាចសន្និដ្ឋានបានថា ខូចខាតសរុបទាំងប្រាក់អស់ប៉ុន្មាននៅឡើយនោះទេ ប៉ុន្តែក៏ពុំបណ្តាលឱ្យនរណាម្នាក់រងរបួសក្នុងហេតុការណ៍អគ្គីភ័យនេះដែរ៕ដោយ ភាវុន


