អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ កំពុងសិក្សារកវិធីសាស្ត្រ ដេីម្បីជួយសង្គ្រោះច្រាំងទន្លេរងការបាក់ស្រុត ដោយគ្រោះធម្មជាតិ ក្នុងឃុំកោះទន្ទឹម

កំពង់ចាម :  ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ម៉ៅ ហាក់  អនុប្រធានអាជ្ញាធរទន្លេសាប រួមដំណើរជាមួយ ឯកឧត្ដម លន់ លឹមថៃ តំណាងរាស្រ្តមណ្ឌលកំពង់ចាម និងឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម អមដំណើរដោយ លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងមន្ត្រីបច្ចេកទេស នាយកដ្ឋានជលសាស្ត្រ និងអាជ្ញាធរដែនដី នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ នេះ បានចុះពិនិត្យស្ថានភាព ច្រាំង និងតួទន្លេមេគង្គ ក្នុង ឃុំកោះទន្ទឹម  ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដើម្បី សិក្សា រកវិធីសាស្រ្តស្ដារឡើងវិញ និងបញ្ជៀសកុំឲ្យបាក់បន្តទៀត ។

 

តាមការគូសបញ្ជាក់ ពីលោកមេឃុំកោះទន្ទឹម ឲ្យដឹងថា ការបាក់ច្រាំងទន្លេដោយគ្រោះ ធម្មជាតិនេះ កើតឡើងតាំងពីឆ្នាំ១៩៧៩ មកម៉្លេះ និងនៅតែបន្តបាក់រហូតដល់សព្វថ្ងៃនេះ ធ្វើឲ្យបាត់បង់ ដីភូមិ ដីចំការ និងទីតាំងវត្តកោះកុក អស់ ០៣កន្លែង មកហើយ ។ ដោយឡែក សាលាបឋមសិក្សាកោះកុក ២កន្លែងទៀត ត្រូវបានបាត់បង់ទាំងអស់ រួមទាំងផ្លូវសាធារណៈប្រវែង ៥.០០០ម៉ែត្រ ក៏ត្រូវបាក់ចូលទន្លេ ។ ក្រៅពីនោះ ដីភូមិកោះកុកក្រៅទាំងមូល បានបាត់បង់ទាំងស្រុង ដោយមានប្រជាពលរដ្ឋរស់នៅ ចំនួន ១៥០គ្រួសារ ផងដែរ ។ ដោយបច្ចុប្បន្ន ដីភូមិ ដីកសិកម្ម លំនៅដ្ឋានប្រជាពលរដ្ឋ ក៏បន្តបាក់ស្រុត ធ្វើឲ្យ ប្រជាពលរដ្ឋចំណាកស្រុកទៅរកទីតាំងថ្មី ។ ក្នុងនោះ គ្រួសារដែលរុះរើមាន ចំនួន ២៤០គ្រួសារ ប្រឈមការរុះរើ ចំនួន ១២៣ខ្នងផ្ទះ ស្ថិតនៅក្នុងភូមិ ចំនួន ៣ នៃឃុំកោះទន្ទឹម ។

ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម  មានប្រសាសន៍ថា តាមការពិនិត្យជាក់ស្តែង ទីតាំងច្រាំងទន្លេ ដែលកំពុងប្រឈមបាក់ មានប្រវែង ប្រមាណ ២.៤០០ម៉ែត្រ ក្នុងនោះ ទីតាំង ដែលប្រឈមបាក់ខ្លាំងមានប្រវែងប្រមាណ ១.០០០ម៉ែត្រ ដែលចាំបាច់ត្រូវមានវិធានការណ៍ការពារបន្ទាន់ ។ ជាមួយនោះ ដើម្បី បញ្ជៀសការបាក់ស្រុតបន្តទៀត យើងត្រូវស្តារដីដុះ នៅជ្រោយចុងកោះចេញ ដែលជាការសម្រួលចរន្តទឹក និងត្រូវរៀបចំការពារច្រាំងទន្លេ នៅតំបន់នោះ ផងដែរ ។

គូសបញ្ជាក់ថា ផ្អែកតាមទិដ្ឋភាពរួម នៅតំបន់ខាងលើនេះ មានការប្រែប្រួលចរន្តទឹក និងតួទន្លេ យ៉ាងខ្លាំង ដោយកន្លងមក ធ្វើឲ្យភូមិចំនួន ២ បានបាក់បាត់ទាំងស្រុង និងភូមិ ៣ទៀត បាននឹងកំពុងប្រឈមនឹងការបាក់ស្រុតច្រាំងទន្លេ ផងដែរ ។ ដោយឡែក វិធានការណ៍ ចំពោះមុខ ត្រូវធ្វើការការពារច្រាំងបាក់ ដែលកំពុងប្រឈមខ្លាំង ប្រវែង ១.០០០ម៉ែត្រ លើប្រវែង ២.៤០០ម៉ែត្រ រួមទាំង ការស្តារដីកកដុះ  ដែលប៉ះពាល់ដល់ចរន្តទឹក និងធ្វើការការពារច្រាំងទន្លេ ស្របពេលគ្នានោះដែរ ក្នុងប្រវែងប្រមាណជា  ២.៤០០ម៉ែត្រ ។

ជាមួយគ្នានេះដែរ ឯកឧត្តម លន់ លឹមថៃ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងឯកឧត្ដម ហេង វណ្ណនី អភិបាលរង ខេត្តកំពង់ចាម បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរអគុណ ដល់ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឯកឧត្តម គន់ គីម ដែលបានខិតខំខ្នះខ្នែង និងរួមគ្នាជួយអន្តរាគមន៍ ចុះមកពិនិត្យដល់ទីតាំងផ្ទាល់ ដើម្បី ជាមូលដ្ឋាន ឈានទៅរកការអនុវត្តជាក់ស្តែង ផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *