កំពង់ចាម: ឯកឧត្តម សុក ផេង រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំល្វាលើ នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២១ បាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគ ដែលជាអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកចំការលើ ចែកជូនប្រជាពលរដ្ឋ ចំនួន ៦៤គ្រួសារ ក្នុងឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ បន្ទាប់ពីពួកគាត់បាន ប៉ះពាល់ ដោយប្រយោលជាមួយនឹងអ្នកវិជ្ជមានកូវិដ-១៩ ។
ក្នុង ឱកាសនោះ ឯកឧត្តម សុក ផេង បានថ្លែងថា បច្ចុប្បន្នរដ្ឋបាលឃុំ បានរៀបចំមណ្ឌលចត្តាឡីស័កជាច្រើនកន្លែង សម្រាប់បងប្អូនពលករដែលវិលត្រលប់មកពីក្រៅប្រទេស ដោយឡែកបងប្អូនដែលទើបវិលត្រលប់មកពីបណ្តារាជធានីខេត្តនានា ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះ ចំនួន ១៤ថ្ងៃសិន ក្រោមការតាមដានរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្ត ឲ្យ បានម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩ តាមការ ណែនាំ របស់ ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នា នោះ ឯកឧត្ត ម សុក ផេង ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់លើបញ្ហាសុខភាព ដោយត្រូវរក្សាអនាម័យក្នុងការរស់នៅជាប្រចាំ ដូចជា លាងដៃនឹងសាប៊ូ ហូបទឹកឆ្អិន និងគេងក្នុងមុងជានិច្ច ដើម្បីជៀសវាងការកើតមានជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩ ដែលយើងត្រូវរួមគ្នាបង្ការទប់ស្កាត់ការពារការឆ្លងរីករាលដាលនៃជំងឺ ដ៏ កាច សាហាវ នេះនៅក្នុងសហគមន៍ ដោយអនុវត្ត តាម វិធានការ ៣ការពារ ៣កុំ ហើយបើមានបញ្ហាសុខភាព សូមប្រញាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា។
គួរបញ្ជាក់ថា អំណោយ ដែល ត្រូវ ចែក ជូន ទាំង៦៤គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន អង្ករ២០គីឡូក្រាម មី ០១កេស ទឹកត្រី០១យួរ ត្រីខ១០កំប៉ុង អំបិល១គីឡូ ម៉ាស់០១ប្រអប់ អាកុល០១លីត្រ សាប៊ូលុច្ស០១ដុំ ។ ប្រគេនទេយ្យធម៌ដល់ព្រះសង្ឃក្នុងវត្តល្វាលើ អង្ករ២០០គីឡូ មី៥កេស ទឹកត្រី៤យួរ ទឹកស៊ីវអ៊ីវ ៤យួរ និងបានឧបត្ថម្ភដល់រដ្ឋបាលស្រុក អាកុល៣០លីត្រ ម៉ាស០១កេសធំ ដោយ សរុប ជាថវិកាអស់ចំនួន២,២០០ដុល្លារ ជាថវិការបស់ឯកឧត្តម ហ៊ុន ម៉ានិត និងលោកជំទាវ ៕

