អភិបាលខេត្តកំពង់ចាមបានក្រើនរំលឹកដល់មន្ត្រីនគរបាលឲ្យមានការ ប្តេជ្ញាចិត្តខ្ពស់ដើម្បីចូលរួមការពារ ថែរក្សា រាជរដ្ឋាភិបាល ស្របច្បាប់

កំពង់ចាម :  លោក   អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  បានថ្លែងក្រើនរំលឹកដល់មន្ត្រីនគរបាលឲ្យមានការប្តេជ្ញា ចិត្តដោយមោះមុតក្នុងការ ការពារនិងថែរក្សារាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋ  ព្រមទាំងចូលរួមទប់ស្កាត់ការបង្កអុកឡុកនិងបំពុលសង្គមពីសំណាក់ ក្រុមឧទ្ទាមក្រៅច្បាប់។ ថ្លែងបែបនេះក្នុងឱកាសចូលរួមពិធីបើកវគ្គបំប៉នជំនាញការពារថ្នាក់ដឹកនាំ អន្តរាគមន៍ តម្រួត បទបញ្ជាចរាចរណ៍  នាព្រឹកថ្ងៃ ទី ៨  ខែមករា  ឆ្នាំ ២០២១  នៅស្នងការរដ្ឋាននគរបាល ខេត្តកំពង់ចាម  ។

ឆ្លៀតក្នុងឱកាសនោះដែរ  លោក  អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានថ្លែងកោតសរសើរ ដល់កងកម្លាំង ទាំង ៣ភេទ  រួមនឹង កម្លាំងប្រជាការពារនៅតាម ឃុំ -សង្កាត់  ដោយក្នុងឆ្នាំ ២០២០កន្លងមកនេះ  បានប្រឹងប្រែងពុះពារគ្រប់ឧបសគ្គក្នុងការសម្រេចភារកិច្ចប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់  អនុវត្តន៍តាមគោលនយោបាយ របស់រាជរដ្ឋាភិបាល  ដោយលះបង់កម្លាំងកាយចិត្ត  ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បី បុព្វហេតុជាតិ មាតុភូមិ  និងការប្តេជ្ញាចិត្តខ្ពស់  ប្តូរផ្តាច់ការពាររាជរដ្ឋាភិបាលស្របច្បាប់  ដោយមិនអនុញ្ញាតឲ្យក្រុមឧទ្ទាមក្រៅច្បាប់ ធ្វើសកម្មភាពបង្ករ អសន្តិសុខបានឡើយ ។

ហើយក៏សូមអោយកងកម្លាំងនគរបាលទាំងអស់ត្រូវមានការយកចិតទុកដាក់ បង្កើនការអភិវឌ្ឍន៍ចំណេះដឹង របស់ខ្លួន  ក្នុងនោះក៏ត្រូវបន្តអនុវត្តន៍ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់និងបន្តការអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោក  ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ ព្រមទាំងទប់ស្កាត់អំពើជួញដូរមនុស្ស និងទប់ស្កាត់ការដាក់ប៉ុស្តិ៍ អាណាធិបតេយ្យទៀតផង  ចំពោះកម្លាំងនគរបាលអគ្គីភ័យត្រូវត្រៀមលក្ខណៈសម្បត្តិទុកជាមុន ដើម្បីចេញអន្តរាគមន៍ឲ្យ បានទាន់ពេលវេលាក្នុងពេលដែលមានអគ្គីភ័យកើតឡើង។

លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាល ខេត្តកំពង់ចាម  បានឲ្យដឹងថាក្នុងរយៈពេល១ឆ្នាំកន្លង មកនេះ  បទល្មើសព្រហ្មទណ្ឌកើតឡើង ៤៤លើកប្រៀបធៀបនឹងឆ្នាំមុនថយចុះ២៤លើក ក្នុងនោះបង្គ្រាបបាន៤៣លើក  ឃាត់ ខ្លួន ៧៦នាក់  បទល្មើសរំលោភសេពសន្ថវៈ ៨លើក ឃាត់ខ្លួន៩នាក់  បទល្មើសគ្រឿងញៀន ២៥៤លើក ការបង្គ្រាប កើនឡើង ៦៩លើក  ក្នុងនោះករណីជួញដូរបាន២៣៣លើកនិងករណី ប្រើប្រាស់បាន២១លើកឃាត់ខ្លួន៩៨២នាក់  បទល្មើសល្បែង ស៊ីសងខុសច្បាប់៩១លើក  កើនឡើង ៥៧លើកឃាត់ ខ្លួន២៦៤នាក់ បទល្មើសសេដ្ឋកិច្ច ៣៩លើក  ថយចុះ ៣២លើក ឃាត់ខ្លួន១០នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍ ១៧៦លើក  ប្រៀបធៀបនឹងឆ្នាំមុនថយចុះ ២៦លើក  បណ្តាលឲ្យស្លាប់៩៦នាក់ថយចុះ២៤នាក់ និងរបួស២៥២នាក់ថយចុះ២៣នាក់ ផងដែរ៕ដោយ៖ប៉ៃលិន

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *