កណ្តាល ៖ បុរសជាអ្នកគួកជេរដីម្នាក់ត្រូវបានប៉ូលិសស្រុកអង្គស្នួលឃាត់ខ្លួន នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីបានវាយបំផ្លាញបង្គោលរបងដីអ្នកដទៃបាក់អស់៦៣ដើម នៅចំណុចវាលស្រែ ភូមិស្រែកណ្តោល ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ហើយប៉ូលិសកោះហៅបំភ្លឺមិនព្រមចូលខ្លួន ចុងក្រោយតុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនតែម្តងពីបទ «ធ្វេីឱ្យខូចខាតដោយចេតនា»។
សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះម៉េង សុខណាង ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ នៅភូមិ ២ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ចំណែកជនសង្ស័យឈ្មោះ សឿន ចំរើន ហៅជាងអូន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរមុខរបរគួកជេរដី នៅភូមិស្រែតាមែង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ។ សម្ភារៈខូចខាតបង្គោលថ្ម ដាំតាមព្រំដីមានចំនួន ៦៣ ដើម ។
សមត្ថកិច្ចបន្តថា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១០និង២២នាទី ជនរងគ្រោះបានតេទូរសព្ទមកប្តឹងដល់សមត្ថកិច្ចថា «ជនសង្ស័យឈ្មោះ សឿន ចំរើន និងបក្ខពួក បានមកវាយបំផ្លាញបង្គោលព្រំដីស្រែរបស់ខ្លួននៅភូមិស្រែកណ្តោល ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល »។
ក្រោយមកតាមបញ្ជារបស់លោកអធិការឱ្យកម្លាំងប៉ូលិសជំនាញចុះទៅសហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍និងអាជ្ញាធរភូមិឃុំចុះទៅដល់កន្លែងហេតុដើម្បីការពារកុំឱ្យមានអំពើហិង្សានិងហាមឃាត់កុំឱ្យវាយបំផ្លិចបំផ្លាញតទៅទៀត ហើយសំណូមពរភាគីទាំងសងខាងឱ្យមកដោះស្រាយគ្នានៅសាលាឃុំ ឬសាលាស្រុកក៏បាន។ ប៉ុន្តែភាគីខាង សឿន ចំរើន មិនព្រមស្តាប់សមត្ថកិច្ច ហើយស្រែកឡូឡាបញ្ជាឱ្យកូនចៅថតសមត្ថកិច្ច ហើយទាមទារឱ្យសមត្ថកិច្ចនិងអាជ្ញាធរ ដោះស្រាយឱ្យខ្លួននៅកន្លែងកើតហេតុឱ្យចប់រឿង។
បន្ទាប់មកលោកអធិការបញ្ជាឱ្យដកកម្លាំងត្រឡប់មកអធិការដ្ឋានវិញ លុះដល់វេលាម៉ោង២រសៀល ថ្ងៃដដែល ជនរងគ្រោះឈ្មោះ ម៉េង សុខណាង បានមកដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាន ប្តឹងទៅលើឈ្មោះ សឿន ចំរើន និងបក្ខពួក ពីបទ វាយបំផ្លិចបំផ្លាញ ដោយធ្វើឱ្យខូចខាតដោយចេតនា។
ក្រោយពីទទួលពាក្យបណ្តឹងរួចអធិការដ្ឋានស្រុកអង្គស្នួល បានចេញលិខិតកោះហៅ ឈ្មោះ សឿន ចំរើន ឱ្យចូលខ្លួនមកបំភ្លឺរឿងផ្ទាល់ខ្លួន ដោយយោងតាមបណ្តឹងខាងលើ ប៉ុន្តែមិនព្រមចូលខ្លួនតាមការកោះហៅនោះទេ។
រហូតដល់ថ្ងៃទី២៥ខែឧសភាឆ្នាំ២០២១ វេលាម៉ោង៣និង៣០នាទីរសៀល កម្លាំងប៉ូលិសស្រុកអង្គស្នួលបានឃាត់ខ្លួនជនសង្ស័យឈ្មោះ សឿន ចំរើន តាមដីកាបញ្ជាឱ្យចូលខ្លួន ពីបទ«ធ្វើឱ្យខូចខាតដោយចេតនា» ប្រព្រឹត្តនៅភូមិស្រែកណ្ដោល ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ។
ការចាប់ខ្លួនយោងតាមដីកាលេខ០៦១ ដកបចខ/២០២១ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ របស់ឯកឧត្ដម លាវ ស្រេង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល។ ចំពោះករណីនេះផ្តើមចេញពីវិវាទដីធ្លី ។ បច្ចុប្បន្ន កម្លាំងផ្នែកជំនាញបានកសាងសំណុំរឿង បញ្ជូនទៅតុលាការរួចហើយ ៕ ដោយ ភាវុន

