ត្បូងឃ្មុំ : ឯកឧត្តមជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ មន្ត្រី ពាក់ព័ន្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពមន្ត្រីយោធា ដែលស្លាប់ដោយសារអ្នកជំងឺកូវីដ១៩ញៀនថ្នាំវាយ ខណៈ ពេលបំពេញការងារយាមនៅមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ ស្រុកពញាក្រែក កាលពីល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ។
ក្នុងឳកាសនោះ ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការសោកស្តាយ និងបាននាំយកថវិការដ្ឋបាលខេត្ត រួមមានថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព និងក្រុង-ស្រុក សរុបចំនួន ១៥,៥៦០,០០០រៀល ក្នុងនោះថវិកាឯកឧត្តមផ្ទាល់ ២លានរៀល ទៅប្រគល់ជូនក្រុមគ្រួសារនៃសព ក៍ដូចជានាំយកថវិកាមួយចំនួនទៀតទៅប្រគល់ជូនរួមមាន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ១០លានរៀល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចំនួន០៣លានរៀល ឯកឧត្តម វង សូត ចំនួន១លានរៀល ស្នងការនគរបាលខេត្ត ២លាន៦៧ម៉ឺនរៀល តំបន់ប្រតិបត្តិការសឹករកខេត្ត ២លានរៀល ក៍ដូចជាសាខាកាកបាទក្រហមខេត្ត ថវិកាចំនួន២លានរៀល ព្រមទាំង សម្ភារៈ មួយ ចំនួន ផងដែរ ។
ឯកឧត្តមអភិបាលខេត្ត បាន ដឹកនាំ មន្ត្រី ពាក់ព័ន្ធ បន្តចុះទៅពិនិត្យទៅតាំងចត្តាឡីស័កនៅ ស្រុកពញាក្រែក ដោយបានឧបត្ថម្ភលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យចំនួន ២,៥០០,០០០រៀល និងកងកម្លាំងចំនួន១៥នាក់ ដែលចុះអន្តរាគមន៍ចាប់ជនល្មើសដែលបានសម្លាប់យោធា ដែលប៉ះពាល់ផ្ទាល់ត្រូវបានជាប់ធ្វើចត្តាឡីស័ក នូវថវិកាចំនួន ៦,៥០០,០០០រៀលផងដែរ។
គួរ រំលឹក ថា កាលពីល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ មានករណីបុរសអ្នកជំងឺកូវីដ-១៩ ជាជនញៀនថ្នាំម្នាក់ បានធ្វើសកម្មភាពវាយអ្នកយាមជាយោធាម្នាក់បណ្តាលឱ្យស្លាប់ ដើម្បីរត់ចេញពីមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក។
ជនសង្ស័យដែលញៀនថ្នាំនោះមានឈ្មោះ មឿន ម៉ឺន អាយុ៣៨ឆ្នាំ មានទីលំនៅភូមិក្រពើសារ ឃុំដំរិល ស្រុកអូររាំងឪ ត្រូវបានចាប់ខ្លួនក្រោយធ្វើសកម្មភាពសម្លាប់ជនរងគ្រោះ។
ចំណែកបុរសជាយោធា និងជាជនរងគ្រោះឈ្មោះ មាន វ៉ៃ អាយុ២៩ឆ្នាំ នៅភូមិហួចកើត ឃុំក្រែក ស្រុកពញាក្រែក ជាមន្រ្តីយោធាផ្នែកសឹករងស្រុកពញាក្រែក ត្រូវបានអង្គភាពបញ្ជូនទៅយាមនៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក។
ក្នុងហេតុការណ៍នោះ ជនសង្ស័យបានប្រើដំបង និងចបកាប់វាយចំសៀតផ្កា របស់ជនរងគ្រោះកំពុងអង្គុយយាមម្នាក់ឯងរហូតស្លាប់ ដោយសារអំណាចនៃថ្នាំញៀន ខណៈអ្នកយាមដទៃកំពុងនៅហូបបាយ។
ក្រោយកើតហេតុ ឃាតករ ត្រូវបានបញ្ជូនទៅដាក់ក្នុងបន្ទប់ព្យាបាលអ្នកទោស ក្នុងមន្ទីរពេទ្យ រីឯសាកសពជនរងគ្រោះ ត្រូវ បាន យក ទៅ បូជា ដើម្បី ធ្វើ បុណ្យ តាម ប្រពៃណី ៕

